ក្រសួងបរិស្ថានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (CCCSP 2024-2033)

(ភ្នំពេញ)៖ ផែនការយុទ្ធសាស្ត្រឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ (CCCSP 2024-2033) ត្រូវបានប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅរសៀលថ្ងៃទី២២ ខែឧសភា ឆ្នាំ ២០២៥ នេះ ពីសំណាក់ ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

ផែនការយុទ្ធសាស្ត្រថ្មីនេះ មានគោលបំណងដោះស្រាយគម្លាតនៃការអនុវត្ត ដើម្បីសម្រេចបាននូវផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងឆ្ពោះទៅកាន់ប្រទេសអព្យាក្រឹតភាពកាបូន។ ជាពិសេស ផែនការនេះបានទទួលធាតុចូលពីគ្រប់ភាគីពាក់ព័ន្ធ និងគ្រប់វិស័យ ដើម្បីឆ្លើយតបចំពោះប្រជាពលរដ្ឋដែលងាយរងគ្រោះ ជាពិសេសកុមារ និងស្ត្រី។

រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើង និងបានថ្លែងអំណរគុណដល់ កម្មវិធីសម្ព័ន្ធភាពប្រែប្រួលអាកាសធាតុកម្ពុជា ដំណាក់កាលទី ៣ (CCCA3) ដែលបានជំរុញកិច្ចសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័ន ដៃគូ និងម្ចាស់ជំនួយដែលរួមមាន សហភាពអឺរ៉ុប (EU) UNDP និងប្រទេសស៊ុយអែត (Sida)។ លើសពីនេះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានថ្លែងអំណរគុណចំពោះការគាំទ្រ ការផ្តល់ជំនាញបច្ចេកទេសពីអង្គការ UNICEF អង្គការ OXFAM និងដៃគូអភិវឌ្ឍន៍ទាំងអស់ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាប្ដេជ្ញាយ៉ាងមុតមាំក្នុងការដឹកនាំប្រទេសឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព ភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈ ក្រមបរិស្ថាន និងធនធានធម្មជាតិ និង យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ កម្ពុជាប្ដេជ្ញាធ្វើឱ្យខ្លួនស្អាតជាងមុន បៃតងជាងមុន និងសម្រេចបាននូវគោលដៅ អព្យាក្រឹតភាពកាបូននៅឆ្នាំ ២០៥០ ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ១ ដែលឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្តជាមួយសហគមន៍អន្តរជាតិ ដើម្បីដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុជាសកល។ ទោះបីកម្ពុជាជាប្រទេសដែលងាយរងគ្រោះបំផុតដោយការប្រែប្រួលអាកាសធាតុ ក៏កម្ពុជានៅតែបន្តគាំទ្រយ៉ាងខ្លាំងចំពោះសកម្មភាពពហុភាគីក្នុងការដោះស្រាយបញ្ហានេះ។

កម្ពុជាបានចូលរួមជាភាគី អនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្ដីពីការប្រែប្រួលអាកាសធាតុ (UNFCCC) តាំងពីឆ្នាំ ១៩៩៦ ហើយបានផ្ដល់សច្ចាប័នលើ កិច្ចព្រមព្រៀងទីក្រុងប៉ារីស។ ក្នុងនោះ កម្ពុជាសម្រេចបាននូវការដាក់ជូន ផែនការជាតិរួមចំណែកឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា NDC លើកទី ១ នៅឆ្នាំ ២០១៥ (គោលដៅកាត់បន្ថយ ២៧%) និង NDC ដំណាក់កាលទី ២ (NDC2.0) នៅឆ្នាំ ២០២០ (គោលដៅ ៤២%)។ បច្ចុប្បន្ន កម្ពុជាកំពុងបន្តរៀបចំ NDC ដំណាក់កាលទី ៣ (NDC3.0) ដែលគ្រោងដាក់ជូន UNFCCC មុនកិច្ចប្រជុំ COP 30 នៅប្រទេសប្រេស៊ីល។

កម្ពុជាបានក្លាយជាប្រទេសដំបូងគេនៅអាស៊ាន និងជាប្រទេសអភិវឌ្ឍន៍តិចតួចទី ២ នៅលើពិភពលោក ដែលបានដាក់ចេញនូវ យុទ្ធសាស្ត្ររយៈពេលវែងប្រកបដោយអព្យាក្រឹតភាពកាបូន (LTS4CN) សម្រាប់ឆ្នាំ ២០៥០៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner