ក្រសួងព័ត៌មានចេញសេចក្តីថ្លែងការណ៍ពីបុគ្គលឈ្មោះ អ៊ុត ម៉ៅដែល ជាប់បណ្ដឹងចំនួន ១៥ ផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់

(ភ្នំពេញ)៖ ក្រសួងព័ត៌មាននៅថ្ងៃទី២២ ខែ ឧសភា ឆ្នាំ ២០២៥នេះបានចេញសេចក្តីថ្លែងការណ៍មួយជុំវិញរឿងបុគ្គលឈ្មោះ អ៊ុត ម៉ៅ ដែលពាក់ព័ន្ធពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់។

ក្នុងសេចក្តីថ្លែងការណ៍នេះក្រសួងព័ត៌មានបញ្ជាក់ថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ អង្គការសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិ ព្រមទាំងអ្នកសារព័ត៌មានបរទេសមួយចំនួនបានផ្សព្វផ្សាយពីបុគ្គលឈ្មោះ អ៊ុក ម៉ៅ ដែលត្រូវ បានជាប់បណ្ដឹងចំនួន ១៥ សំណុំរឿងផ្សេងៗគ្នាពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើល្មើសច្បាប់នានារបស់ខ្លួន តាំង ពីខែកុម្ភៈ ឆ្នាំ២០២២ មក និងត្រូវបានចាប់ខ្លួនពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ និងបរិហាកេរ្តិ៍ជា សាធារណៈ បង្កហិង្សា និងការកាប់ទន្ទ្រានដីព្រៃរដ្ឋខុសច្បាប់ ដែលកំពុងជាប់ឃុំខ្លួនបណ្តោះអាសន្ន រង់ចាំ បន្តនីតិវិធី ដោយធ្វើអត្ថាធិប្បាយផ្សេងៗ ដែលប៉ះពាល់ដល់សុចរិតភាព និងស្ថានភាពជាក់ស្តែងទាក់ទងនឹង បុគ្គលនេះ។

ជុំវិញករណីនេះដែរ ក្រសួងព័ត៌មានគូសបញ្ជាក់ថា៖

១-បុគ្គល អ៊ុក ម៉ៅ ជាអ្នកបម្រើការនៅអង្គភាព ឥន្ទ្រីផ្លើស ញូស៍ ប៉ុន្តែលោកមិនមានបណ្ណសារព័ត៌មាន ដែលចេញដោយក្រសួងព័ត៌មានឡើយ ។

២-ក្រសួងព័ត៌មាន ប្រឆាំងដាច់ខាតមិនអនុញ្ញាតឱ្យជនទាំងឡាយណា ជ្រកក្រោមស្លាកព័ត៌មានទៅ បម្រើរឿងផ្សេង ដែលក្រៅអំពីសេរីភាពសារព័ត៌មាន និងការបោះពុម្ពផ្សាយឡើយ។ អ្នកដែលបំពេញការងារ ទាក់ទងនឹងសារព័ត៌មាន គឺត្រូវតែមានការចុះបញ្ជីត្រឹមត្រូវ និងមានការទទួលស្គាល់ត្រឹមត្រូវតាមច្បាប់ ក្រៅ ពីនោះគឺគ្រាន់តែជាការបញ្ចេញទស្សនៈផ្ទាល់ខ្លួនប៉ុណ្ណោះ។ លើសពីនេះ យោងតាមធម្មនុញ្ញវិជ្ជាជីវៈសារ ព័ត៌មាន អ្នកអនុវត្តសកម្មភាពក្នុងវិស័យសារព័ត៌មាន និងសោតទស្សន៍ ត្រូវគោរពច្បាប់ជាធរមាននៃព្រះរាជា ណាចក្រកម្ពុជា។

ក្រសួងបានបន្តឱ្យដឹងថា ទង្វើបំពានក្រៅវិជ្ជាជីវៈសារព័ត៌មាន ត្រូវប្រឈមនឹងផលវិបាករដ្ឋប្បវេណី និងព្រហ្មទណ្ឌ ដូចមានចែងក្នុងច្បាប់និងបទដ្ឋានគតិយុត្តជាធរមាន។ ទង្វើបំពានប្រភេទទាំងនេះ មិនស្ថិតក្នុងក្របខណ្ឌនៃ សេរីភាពខាងសារព័ត៌មានឡើយ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner