រដ្ឋសភាបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់ស្តីពីជលផល ដោយសំឡេង ១០៣សំឡេង
(ភ្នំពេញ)៖ រដ្ឋសភានីតិកាលទី៧នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានបើកសម័យប្រជុំលើកទី៤របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សានិងអនុម័តលើសេចក្តីព្រាងច្បាប់ស្តីពីជលផល។
គួរបញ្ជាក់ថាសេចក្ដីព្រាងច្បាប់ស្តីពីជលផល រៀបចំឡើងដើម្បីជំនួសសេចក្ដីព្រាងច្បាប់ជលផល ឆ្នាំ២០០៦ និងមានគោលបំណងគ្រប់គ្រង អភិរក្ស និងអភិវឌ្ឍវិស័យជលផលឱ្យមានប្រសិទ្ធភាព សំដៅបន្តធានាសន្តិសុខស្បៀង ប្រកបដោយនិរន្តរភាពសេដ្ឋកិច្ច និងបរិស្ថាន ព្រមទាំងការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករ ស្របតាមបរិបទនៃការរីកចម្រើន សេដ្ឋកិច្ចសង្គម បច្ចេកវិទ្យា និងចូលរួមក្នុងការគ្រប់គ្រង ព្រមទាំងអភិរក្សធនធានជលផល ប្រកបដោយនិរន្តរភាព ក្នុងក្របខ័ណ្ឌតំបន់ និងអន្តរជាតិ ជាពិសេសប្រឆាំងនឹងសកម្មភាពពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ គ្មានរបាយការណ៍ និងគ្មានបញ្ញត្តិ។
ក្នុងសេចក្តីព្រាងច្បាប់ស្តីពី ជលផល រួមមាន១៥ជំពូក ១០៤មាត្រា និងមាន២ឧបសម្ព័ន្ធ។ ក្រោយពីបានពិភាក្សានិងអនុម័តមួយជំពូកម្តងៗ អង្គរដ្ឋសភាបានអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់នេះទាំងមូលមានចំនួន ១០៣ សំឡេង៕
ដោយ ៖ ម៉ាដេប៉ូ








