សិក្ខាកាមយោធិនចំនួន ៨០នាក់ បានចូលរៀនវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ ជំនាន់ទី៧ ឆ្នាំ២០២៥ នៅកងពលតូចដឹកជញ្ជូនលេខ៩០
(ខេត្តកំពង់ស្ពឺ)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក អ៊ួន សារឿន មេបញ្ជាការរងកងទ័ពជើងគោក បានអញ្ជើញបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ជំនាន់ទី៧ ឆ្នាំ២០២៥ នៅកងពលតូចដឹកជញ្ជូនលេខ៩០ កងទ័ពជើងគោក នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ នាយសេនាធិការរង និងជាមេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩០ បានឱ្យដឹងថា៖ ដោយបានការជួយឧបត្ថម្ភគាំទ្រទាំងផ្នែកស្មារតី និងសម្ភាៈ ពីឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កងពលតូចដឹកជញ្ជូនលេខ៩០ បានសម្រេចនូវភារកិច្ចជាច្រើន រួមទាំងកិច្ចការងារស្នូល ក៏ដូចជាការងារកសាងហេដ្ឋារចនាសម្ព័ន្ធនានា មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ការកសាង ជំរំ បន្ទាយ ការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារដឹកជញ្ជូន ការជួសជុលថែទាំបច្ចេកទេសរថយន្ត ការបណ្តុះបណ្តាលធនធានមនុស្សតាមរយៈការហ្វឹកហ្វឺនជាប់ជាប្រចាំ ដើម្បីប្រែក្លាយឱ្យយោធិន គ្រប់រូបមានសមត្ថភាព បម្រើការងារបានល្អប្រសើរ មានមនសិការបម្រើការពារជាតិមាតុភូមិ ការពាររដ្ឋធម្មនុញ្ញ កាពាររដ្ឋាភិបាលស្របច្បាប់ ដោយមានមូលដ្ឋានគ្រឹះរឹងមាំស្របតាមតាមទិសដៅ នៃផែនការដែលបានកំណត់ និងឆ្លើយតបទាន់ពេលវេលា បទបញ្ជាមេបញ្ជាការកងទ័ពជើងគោក។
ជំនួសមុខឱ្យ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានចាត់ទុកវគ្គហ្វឹកហ្វឺនបំប៉នជំនាញបើកបររថយន្តធុនធ្ងន់ បានដំណើរការបើកនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់ការកសាងធនធានមនុស្ស ពង្រឹងសមត្ថភាព គុណភាព ការទទួលខុសត្រូវ និងសក្តានុពលការពារជាតិ ព្រមទាំងសកម្មភាពប្រចាំថ្ងៃរបស់កងទ័ពក្នុងការបំពេញភារកិច្ច ការបង្កើនប្រសិទ្ធភាព ទាំងចំណេះដឹង ចំណេះធ្វើពិតប្រាកដ ការងារគ្រប់គ្រងបច្ចេកទេស ការបើកបរ ជួសជុលថែរទាំ សន្សំសំចៃខ្ពស់ និងយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមចំណែកថែរក្សាសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងពេលបើកបរ សំដៅធានាបានការប្រើប្រាស់ថែទាំសម្ភារៈសឹក និងមធ្យោបាយបំពាក់ផ្សេងៗ ធានាបាននូវប្រសិទ្ធភាព និងសមត្ថភាពខ្ពស់ក្នុងការបំពេញភារកិច្ចជូនអង្គភាព ដែលជាការចូលរួមចំណែកលើភារកិច្ចការពារអធិបតេយ្យជាតិ ការពារបូរណភាពទឹកដី នៃមាតុភូមិយើង។ ហើយក៏ជាផ្នែកមួយដ៏សំខាន់ក្នុងការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធានាបាននូវប្រសិទ្ធភាពនៃកិច្ចការពារជាតិបានរឹងមាំ ទាមទារឱ្យសិក្ខាកាមខិតខំយកចិត្តទុកដាក់សិក្សារៀនសូត្រ។
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានថ្លែងការកោតសរសើរដល់ ឯកឧត្តម ឧត្តមសេនីយ៍ទោ ឈរ សុខ លើការដឹកនាំបញ្ជាការ ការកសាងហេដ្ឋារចនាសម្ព័ន្ធនានា ការចិញ្ចឹមទ័ព មានសាមគ្គីភាពផ្ទៃក្នុងល្អ និងសហការខ្ពស់ពីបណ្តាជំនាញពាក់ព័ន្ធបានធ្វើឱ្យវគ្គនេះបានដំណើរការតាមការគ្រោងទុក។
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានសំណូមពរដល់គ្រូយោធាចារ្យត្រូវរិះរកយុទ្ធសាស្ត្រ និងវិធីសាស្ត្រធ្វើយ៉ាងណាឱ្យសិស្សសិក្សាងាយយល់។ សង្ឃឹមថាពេលបញ្ចប់វគ្គសិក្ខាកាមទទួលបានលទ្ធផលល្អប្រសើរ តាមការរំពឹងទុក។
ឧត្តមសេនីយ៍ឯក អ៊ួន សារឿន បានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់រៀនសូត្រ មានវិន័យខ្ពស់ ត្រូវគោរពវិន័យបទបញ្ជាផ្ទៃក្នុងវគ្គ មានសាមគ្គីផ្ទៃក្នុងល្អ និងគោរពពេលវេលារៀនសូត្រអោយបានទៀងទាត់ មានអត្តចរិកល្អ ស័ក្តសមជាកងយោធពលខេមរភូមិន្ទ និងត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញឿន សង្ឃឹមថាពេលបញ្ចប់វគ្គទទួលលទ្ធផលល្អ៕
របាយការណ៍បើកវគ្គដែលផ្តល់ដោយអនុសេនីយ៍ឯក ទូច ណូវ៉ម នាយការិយាល័យហ្វឹកហ្វឺន កងពលតូចដឹកជញ្ជូនលេខ៩០ បានឱ្យដឹងថា៖ វគ្គហ្វឹកហ្វឺននេះ សិក្សារយៈពេល ៩២ថ្ងៃ ចាប់ផ្តើមពីថ្ងៃទី២៣ ខែឧសភា ដល់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៥ ដែលមានកម្មសិក្សាការីចូលរួមសរុបចំនួន ៨០នាក់ គ្រូយោធាចារ្យចំនួន ១២នាក់ មកពីបណ្តាអង្គភាពចំណុះបញ្ជាការដ្ឋានកងទ័ពជើងគោក។ សិក្សាខ្លឹមសារហ្វឹកហ្វឺនរួមមាន៖ ច្បាប់ចរាចរណ៍ផ្លូវគោក, ដៃចង្កូត ថែទាំបច្ចេកទេស ការងារដឹកជញ្ជូន, អប់រំចិត្តសាស្ត្រ និងយោធារួម ៕





ប្រភព ៖ កងទ័ព