លោក Trump ថា លោក Putin មិនទាន់ចង់បញ្ចប់សង្គ្រាមទេ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បានប្រាប់មេដឹកនាំអឺរ៉ុបថា ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin មិនទាន់ត្រៀមខ្លួនរួចរាល់ ដើម្បីបញ្ចប់សង្រ្គាមអ៊ុយក្រែនទេ ពីព្រោះគាត់គិតថា គាត់នឹងឈ្នះសង្គ្រាមនេះ។

ក្រុមអ្នកវិភាគនិយាយថា រុស្ស៊ីហាក់ដូចជាត្រៀមខ្លួនរួចជាស្រេច ដើម្បីបន្តការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន បើទោះបីបង្ហាញអាកប្បកិរិយាវិជ្ជមានចំពោះបទឈប់បាញ់ក៏ដោយ។

កាសែត Wall Street Journal ផ្អែកតាមប្រភពចំនួន បីបានចេញផ្សាយថា លោក Trump បាននិយាយថា លោក Putin មិនចង់បញ្ចប់សង្រ្គាមនៅអ៊ុយក្រែនពេលនេះទេ ដោយសារតែគាត់មើលឃើញថា ខ្លួនជាអ្នកឈ្នះ។ នេះជាលើកដំបូងហើយ ដែលមេដឹកនាំអឺរ៉ុបបានលឺសម្តីនេះដោយផ្ទាល់ចេញពីមាត់លោក Trump។

នៅពេលនោះ លោកប្រធានាធិបតី Trump ក៏បានប្រាប់មេដឹកនាំអឺរ៉ុបដែរថា កិច្ចចរចាបន្ទាប់រវាងតំណាងរុស្ស៊ី និងអ៊ុយក្រែន នឹងធ្វើឡើងនៅបុរីវ៉ាទីកង់ នៅពាក់កណ្តាលខែមិថុនាខាងមុខ។

យោងតាមសារព័ត៌មាន Axios និង The New York Times លោក Trump បាននិយាយថា អាមេរិកនឹងមិនចូលរួមក្នុងកិច្ចចរចានោះទេ ដោយទុកឱ្យរុស្ស៊ី និងអ៊ុយក្រែនជាអ្នកដោះស្រាយជម្លោះដោយខ្លួនឯង៕

ប្រភព ៖ NHK ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner