សម្តេចតេជោ ហ៊ុន សែន ផ្តល់យោបល់ឱ្យអគ្គលេខាធិការ ISC ត្រូវពង្រីកខ្លួនបន្ថែមទៅក្នុងយន្តការអន្តរជាតិនានា ដើម្បីជាចំណែកជួយរកដំណោះស្រាយដល់ពិភពលោកទាំងមូល
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ឱ្យអគ្គលេខាធិការ ISC ត្រូវពង្រីកខ្លួនបន្ថែមទៀត ចូលទៅក្នុងយន្តការអន្តរជាតិនានា ដើម្បីជាចំណែកក្នុងការរកដំណោះស្រាយដល់ពិភពលោកទាំងមូល ជាពិសេសដំណើរស្វែងរកសន្តិភាព ។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ថ្លែងដូច្នេះ ក្នុងឱកាសអនុញ្ញាតឲ្យ ឯកឧត្តម ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការនៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។
ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឲ្យដឹងនៅក្រោយជំនួបថា ជាកិច្ចចាប់ផ្តើម សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍ឯកឧត្តម ឯក ណាត ដាកាល់ (Ek Nath Dhakal) អគ្គលេខាធិការ ISC និងសហការី ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងអរគុណ ឯកឧត្តម ដែលបាននាំយកនូវសញ្ញាសម្គាល់សមាជិកស្ថាបនិកជូនដល់សម្តេចនាពេលនេះ ។
នៅក្នុងជំនួបនោះ ឯកឧត្តមអគ្គលេខាធិការ ISC បានអរគុណសម្តេចតេជោ ហ៊ុន សែន ដែលបានអនុញ្ញាតឱ្យឯកឧត្តម និងសហការី បានជួបសម្តែងការគួរសម។ ឯកឧត្តមអគ្គលេខាធិការ ក៏បាននាំនូវការសាកសួរសុខទុក្ខសម្តេចតេជោ ហ៊ុន សែន ពីសំណាក់លោកជំទាវហាក់ ចាន់ហាមូន ស្ថាបនិក UPS ផងដែរ។
ក្នុងជំនួបនេះ ឯកឧត្តមអគ្គលេខាធិការ បានគូសរំលេចនូវការសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាពេលកន្លងមក ជាពិសេសការគាំទ្រចំពោះដំណើរការរបស់ ISC ជាបន្តបន្ទាប់មក។ឯកឧត្តមបានថ្លែងកោតសរសើរថា សម្តេចតេជោ គឺជាមេដឹកនាំដែលត្រូវបានទទួលស្គាល់នៅក្នុងប្រទេសកម្ពុជា តំបន់ រួមទាំងពិភពលោកទាំងមូល នូវភាពជាអ្នកដឹកនាំដ៏ឆ្នើម។
ជាមួយការមានឱកាសបានជួបផ្ទាល់ជាមួយសម្តេចតេជោនាពេលនេះ ឯកឧត្តមអគ្គលេខាធិការ និងសហការី បានស្នើសុំនូវអនុសាសន៍ពីសម្តេចតេជោ ដើម្បីដឹកនាំស្ថាប័ន ISC ដំណើរការទៅមុខដោយជោគជ័យ និងអាចបញ្ជ្រៀតខ្លួនចូលទៅក្នុងស្ថាប័នអន្តរជាតិនានាបន្ថែមទៀត។ទន្ទឹមនឹងនេះឯកឧត្តមអគ្គលេខាធិការ បានគោរពស្នើសុំសម្តេចតេជោ ជួយគាំទ្របន្ថែមទៀត ជាពិសេសជួយជ្រោមជ្រែង ISC ក្លាយទៅជាសមាជិកអង្កេតការណ៍របស់មហាសន្និបាតអន្តរសភា ហៅកាត់ថា អាយប៉ា នាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបដោយការផ្តាំផ្ញើសាកសួរសុខទុក្ខលោកជំទាវ ហាក់ ចាន់ ហាមូន ហើយសម្តេចក៏នឹករលឹកលោកលោកជំទាវផងដែរ។ ឆ្លើយតបការស្នើសុំគាំទ្រលើស្ថាប័ន ISC នោះ សម្តេចតេជោ ហ៊ុន សែន បានបង្ហាញការគាំទ្រពេញទំហឹងក្នុងការឱ្យស្ថាប័ន ISC ក្លាយជាសមាជិកអង្កេតការណ៍របស់អាយប៉ា។ សម្តេចតេជោបានចាត់ទុកការក្លាយសមាជិកអង្កេតការណ៍របស់អាយប៉ា ជារឿងសមហេតុសមផល និងជាការពង្រីកនូវយន្តការបន្ថែមទៀតរបស់ ISC ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហារបស់ពិភពលោក ជាពិសេសការចូលរួមចំណែករកសន្តិភាពសម្រាប់ពិភពលោកផងដែរ។
នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានចែករំលែកជាមួយឯកឧត្តមអគ្គលេខាធិការដោយលើកឡើងពីបញ្ហាប្រឈមនានារបស់ពិភពលោកនាពេលបច្ចុប្បន្ន ជាពិសេសបញ្ហាសង្គ្រាមនៅអ៊ុយក្រែន បញ្ហាសង្គ្រាមនៅតំបន់កាហ្សា រួមទាំងបញ្ហាសមុទ្រចិនខាងត្បូងផងដែរ។
បញ្ហាទាំងនេះ សម្តេចតេជោ បានចែករំលែកនូវទស្សនទានជាច្រើន ជាមួយលោកអគ្គលេខាធិការ ISC ដើម្បីរួមចំណែកបង្ហាញផ្លូវបន្ថែមទៀត ក្នុងការស្វែងរកដំណោះស្រាយ និងជាជំហានបន្តរបស់ ISC។ សម្តេចតេជោប្រធានព្រឹទ្ធសភា បានគូសរំលេចថា នៅក្នុងស្ថានភាពស្មុគស្មាញរបស់ពិភពលោកនេះ តួនាទីរបស់ ISC រឹតតែសំខាន់ ពីព្រោះស្ថាប័នអង្គការអន្តរជាតិធំៗកំពុងមានស្ថានភាពចុះខ្សោយ ទាមទារឱ្យមានការចូលរួមបន្ថែមទៀតពីស្ថាប័នតំបន់ ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហាស្មុគស្មាញរបស់ពិភពលោក ក៏ដូចជាការស្វែងរកនូវសន្តិភាពសម្រាប់តំបន់ និងពិភពលោកផងដែរ។ នៅក្នុងឱកាសនោះសម្តេចតេជោ ក៏បានរំលេចបន្ថែមក្នុងការផ្តល់អនុសាសន៍ដល់ ISC ដើម្បីឱ្យស្ថាប័ននេះ ដំណើរការទៅមុខដោយជោគជ័យ សម្តេចតេជោ ក៏បានផ្តល់នូវការណែនាំពាក់ព័ន្ធការ យកចិត្តទុកដាក់បន្ថែមទៀតលើការពង្រឹងលេខាធិការដ្ឋានរបស់ ISC ដើម្បីឱ្យលេខាធិការដ្ឋានមានភាពរឹងមាំ។
សម្តេចតេជោ បានគូសបញ្ជាក់ថា ស្ថាប័ន ISC អាចរឹងមាំ និងបន្តនិរន្តរភាពទៅបាន គឺមិនអាចខ្វះបានឡើយនូវតួនាទីដ៏សំខាន់របស់លេខាធិការដ្ឋាន។ ក្នុងឋានៈជាស្ថាបនិកមួយរូបរបស់ ISC សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់ឱ្យឯកឧត្តមអគ្គលេខាធិការយកចិត្តទុកដាក់ពង្រឹងតួនាទីរបស់អគ្គលេខាធិការដ្ឋាន ហើយត្រូវពង្រីកខ្លួនបន្ថែមទៀត ចូលទៅក្នុងយន្តការអន្តរជាតិនានា ដើម្បីជាចំណែកក្នុងការរកដំណោះស្រាយ ជួយដល់ពិភពលោកទាំងមូល ជាពិសេសដំណើរស្វែងរកសន្តិភាព។ ឯកឧត្តមអគ្គលេខាធិការ បានសម្តែងក្តីរីករាយយ៉ាងខ្លាំង បន្ទាប់ពីបានស្តាប់នូវការណែនាំ និងការចែករំលែកទស្សនៈរបស់សម្តេចតេជោ។
ឯកឧត្តមអគ្គលេខាធិការ ចាត់ទុកការណែនាំរបស់សម្តេចតេជោ គឺមានតម្លៃខ្លាំងណាស់ ហើយលោកនឹងយកទៅអនុវត្តតាមទិដ្ឋភាពជាក់ស្តែង ដើម្បីឱ្យស្ថាប័ន ISC បានរីកចម្រើនទៅមុខ។ សម្តេចតេជោ ហ៊ុន សែន ក៏បានណែនាំទៅឯកឧត្តមអគ្គលេខាធិការ ISC ឱ្យធ្វើការជាបន្តទៀតជាមួយសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ៕







អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ