ក្រសួងមុខងារ និងWBចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ
(ភ្នំពេញ)៖ ក្រសួងមុខងារសាធារណៈ និងធនាគារពិភពលោកប្រចាំនៅកម្ពុជា កាលពី ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ បានសហការរៀបចំសិក្ខាសាលា ចែករំលែកបទពិសោធ ការលើកកម្ពស់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ ការវិភាគមុខងារ និងរចនាសម្ព័ន្ធ។ សិក្ខាសាលានេះធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ ដោយទទួលបានការសហការឧបត្ថម្ភដោយរដ្ឋាភិបាលអូស្រ្តាលី និងសហភាពអឺរ៉ុប ។
ឯកឧត្តម Derek Yip ឯកអគ្គរាជទូតអូស្រ្តាលី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានចែករំលែកបទពិសោធ ដែលធ្វើឱ្យមានភាពជោគជ័យក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ជាពិសេសគឺការវិភាគមុខងារ ឯកឧត្តម បានលើក៣ ចំណុចសំខាន់ៗ រួមមាន៖ ១)ត្រូវមានផែនការច្បាស់លាស់ ២)កត្តាផ្សេងៗបន្ថែមលើការងារបច្ចេកទេសឱ្យមានប្រសិទ្ធភាព និង ៣)ការប្រតិបត្តិ ប្រកបដោយប្រសិទ្ធភាព។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី មានប្រសាសន៍ថា បើទោះបីការកែទម្រង់រដ្ឋបាលសាធារណៈ របស់កម្ពុជាមិនមែនជារឿងថ្មី ប៉ុន្តែនៅក្នុងក្របខណ្ឌនៃរាជរដ្ឋាភិបាលអាណត្តិទី៧ ដំណើរការនៃការកែទម្រង់ក្នុងនោះការវិភាគមុខងារ គឺយើងមានការគិតគូរច្បាស់លាស់ គណនាទាំងកត្តាប្រវត្តិសាស្រ្ត នយោបាយនិង កត្តាបច្ចេកទេស។
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី បានបន្ថែមថា មកទល់ពេលនេះ ក្រសួងមុខងារសាធារណៈ បានដំណើរការវិភាគមុខងាររយៈពេលមួយឆ្នាំពេញដោយភាពរលូន។ តាមរយៈការគិតគូរ និងការរៀបចំប្រតិបត្តិរបស់យើងគ្រប់ជ្រុងជ្រោយនេះបានធ្វើឱ្យការអនុវត្តការងារប្រព្រឹត្តទៅដោយរលូន។ ទាំងនេះ បានបង្ហាញពីសមត្ថភាពរបស់មន្រ្តីរាជការកម្ពុជាក្នុងការអនុវត្តការងារប្រកបដោយភាពហ្មត់ចត់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានរំលេចបន្ថែមទៀតថា ការវិភាគមុខងារ ដែលយើងបាន និងកំពុងអនុវត្តជាជំហានៗ គឺដើម្បីបង្កើនភាពធន់ និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាក្នុងកម្រិតអន្តរជាតិ, ការពារផលប្រយោជន៍ របស់កម្ពុជា និងចូលរួមកៀរគធនធានបន្ថែមឆ្ពោះទៅកាន់ទស្សនវិស័យកម្ពុជាឆ្នាំ២០៥០។
សូមជម្រាបថា សិក្ខាសាលានេះបានរៀបចំវេទិកាចែករំលែក «ការលើកកម្ពស់ប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ ផ្អែកលើការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ» របស់អ្នកជំនាញនៃធនាគារពិភពលោក, បទបង្ហាញស្តីពី «ស្ថានភាពបច្ចុប្បន្ន នៃការផ្តល់ សេវាសាធារណៈនៅតាមក្រសួង ស្ថាប័ន ចំនួន៥» និងកិច្ចពិភាក្សាលើទិសដៅអនុវត្ត ឆ្ពោះទៅកាន់ប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ផ្តោតលើមុខងារគាំទ្រ៖ ការគ្រប់គ្រងធនធានមនុស្ស ថវិកា និងអភិក្រមការងារ៕





ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា