សម្តេចនាយករដ្ឋមន្ត្រី កោតសរសើរដល់ក្រុមការងារចរចាពន្ធបដិការ ដែលបំពេញការងារបានល្អ

(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែទ នាយករដ្ឋមន្ត្រីកម្ពុជា បានកោតសរសើរដល់ក្រុមការងារ ចំពោះកិច្ចទទួលបន្ទុកសម្របសម្រួលការចរចាពន្ធបដិការ ដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងក្រុមការងារពាក់ព័ន្ធដែលបានខិតខំបំពេញការងារនេះ បានយ៉ាងល្អ ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ នាថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ។

សម្ដេចធិបតី បានបន្តថា កិច្ចចរចាជុំទី១ គ្រាន់តែជាការជួបគ្នា ដើម្បីបង្ហាញជំហរ និងបញ្ជាក់បន្ថែមពីបញ្ហាមួយចំនួនប៉ុណ្ណោះ ពីព្រោះការចរចាពាណិជ្ជកម្ម មានភាពស្មុគស្មាញ ដែលត្រូវការពេលវេលា ដោយគ្រប់ប្រទេសទាំងអស់ សុទ្ធតែមានស្ថានភាពដូចៗគ្នា ។

សម្ដេចធិបតី សង្ឃឹមថា កិច្ចចរចាជុំទី២ នឹងទទួលបានលទ្ធផលជាវិជ្ជមាន ។

គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំចរចាទល់មុខជុំទី១ រវាងភាគីកម្ពុជា និងភាគីអាមេរិក លើបញ្ហាពន្ធគយ ភាគីទាំងពីរ បានផ្លាស់ប្ដូរយោបល់ដោយត្រង់ទៅត្រង់មក ក្នុងបរិយាកាសយោគយល់គ្នា លើការពង្រឹងបន្ថែមនូវទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី។ បន្ថែមលើនេះ ភាគីទាំងពីរ ក៏បានពិភាក្សាស៊ីជម្រៅលើអត្ថបទ សេចក្ដីព្រាងកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការផងដែរ និងបានឯកភាពរៀបចំកិច្ចប្រជុំចរចាជុំទី២ បន្ដទៀត នៅសប្ដាហ៍ទី១ ខែមិថុនា ឆ្នាំ២០២៥ នៅរដ្ឋធានីវ៉ាស៊ីនតោន ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន របស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

សូមជម្រាបថា ចាប់ពីថ្ងៃទី១៣-១៥ ខែឧសភា ឆ្នាំ២០២៥ ឧបនាយករដ្ឋមន្ដ្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោកជំទាវ ចម និម្មល រដ្ឋមន្ដ្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនង ពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-អាមេរិក ចូលរួមកិច្ចប្រជុំចរចាលើកទី១ នៅរដ្ឋធានីវ៉ាស៊ីនតោន ដោយភាគីអាមេរិក ដឹកនាំដោយលោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក។

បេសកម្មទៅចរចាផ្ទាល់ជាមួយអាមេរិកនេះ បានរៀបចំឡើងបន្ទាប់ពីមានជំនួបពិភាក្សាការងារ តាមរយៈប្រព័ន្ធវីដេអូ ចំនួនពីរលើកជាមួយភាគីតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។ ក្នុងនោះជំនួបលើកទី១ បានប្រព្រឹត្តទៅកាលពីថ្ងៃទី១៦ ខែមេសា ដោយជួបជាមួយឯកអគ្គរដ្ឋទូត Jamieson Greer ប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ចំណែកជំនួបលើកទី២ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២ ខែឧសភា តាមប្រព័ន្ធ Zoom ដូចគ្នាជាមួយលោកស្រី Sarah Ellerman ។

សូមរម្លឹកថា កាលពីថ្ងៃទី២ មេសា ឆ្នាំ២០២៥ លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក បានប្រកាសចេញនូវការអនុវត្តពន្ធគយបដិការទៅលើជាង ១៨០ប្រទេសនៅទូទាំងពិភពលោក ក្នុងនោះ ក៏មានកម្ពុជាផងដែរ។ ក្រោយមក សម្តេចធិបតីនាយករដ្ឋមន្ត្រី បានផ្ញើលិខិតផ្លូវការ ទៅកាន់ប្រធានាធិបតីអាមេរិក បង្ហាញអំពីការប្តេជ្ញាចិត្តលើកកម្ពស់ការនាំចូលផលិតផល របស់សហរដ្ឋអាមេរិក ជាមួយនឹងការកាត់បន្ថយភ្លាមៗនូវពន្ធគយ សម្រាប់ផលិតផលចំនួន ១៩ប្រភេទ។ ជាមួយនេះ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក៏បានផ្ញើលិខិតផ្លូវការទៅកាន់អគ្គរដ្ឋទូត តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បញ្ជាក់អំពីការប្តេជ្ញាចិត្តនេះម្តងទៀតផងដែរ ក្នុងនាមស្ថាប័នជំនាញ។ បន្ទាប់មកនាថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា បានចេញសេចក្តីសម្រេចបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីកម្ពុជា-សហរដ្ឋអាមេរិក សំដៅរៀបចំនិងជំរុញការបើកកិច្ចចរចា ជាមួយភាគីពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក អំពីការអនុវត្តពន្ធគយបដិការ រវាងប្រទេសទាំងពីរ ពិសេស គឺពង្រឹងនិងជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី ឱ្យកាន់តែមានភាពប្រសើរឡើង ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner