មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល បើកដំណើរនៅកម្ពុជាដើម្បីជួយដល់សិស្ស-និស្សិត កម្ពុជា ដើម្បីបន្តការសិក្សានៅប្រទេសកូរ៉េខាងត្បូង
(ភ្នំពេញ)៖ មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល គឺជាផ្នែកមួយសំខាន់ក្នុងការមកបើកនៅកម្ពុជា សម្រាប់បង្កើតឱកាសដល់សិស្ស-និស្សិតកម្ពុជា ក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសកូរ៉ែខាងត្បូង។
ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានចូលរួមពិធីបើកជាផ្លូវការមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល និងសិក្ខាសាលាស្ដីពីការអប់រំនៅកម្ពុជាឆ្នាំ២០២៥ របស់មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល ដែលប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC)។ កម្មវិធីនេះគេឃើញមានវត្តមានចូលរួមពីសំណាក់នាយកខេត្ត Chung Cheong ខាងជើង តំណាងស្ថានទូតសាធារណរដ្ឋកូរ៉េនៅកម្ពុជា តំណាងសាកលវិទ្យាល័យ Gangdong នាយកមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លប្រចាំកម្ពុជា ប្រធានសមាគមកូរ៉េនៃកម្ពុជា តំណាងសាកលវិទ្យាល័យមកពី ខេត្តChung-Buk។
លោក Paul Yang នាយកមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល ប្រចាំនៅកម្ពុជា បានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា ដែលបានគាំទ្រដល់មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លក្នុងការរៀបចំសិក្ខាសាលាដ៏មានអត្ថន័យក្នុងថ្ងៃនេះ។
លោកបានបន្តថា ការសម្ពោធមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លនៅកម្ពុជា ព្រមទាំងការរៀបចំសិក្ខាសាលានាឱកាសនេះ គឺជារបត់មួយសំខាន់នៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំកម្ពុជា-កូរ៉េ តាមរយៈការបង្កើតឱកាសដល់សិស្ស-និស្សិតជាច្រើនក្នុងការបន្តការសិក្សាថ្នាក់ឧត្តមសិក្សា ដើម្បីទទួលបានភាពជោគជ័យក្នុងជីវិត។
ឯកឧត្តមបណ្ឌិត សោម រតនា បានថ្លែងអំណរគុណមជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល ដែលបានជ្រើសរើសកម្ពុជាជាប្រទេសគោលដៅមួយក្នុងការផ្សព្វផ្សាយពីការឱកាសបន្តការសិក្សានៅប្រទេសកូរ៉េ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្រសួងអប់រំយុវជន និងកីឡា ក្នុងនាមជាសេនារបស់រាជរដ្ឋាភិបាល បានផ្ដល់អាទិភាពលើការអភិវឌ្ឍធនធានមនុស្ស ដោយក្នុងនោះការអប់រំថ្នាក់ឧត្តមសិក្សាគឺជាកត្តាសំខាន់ និងកំពុងរីកចម្រើនជាលំដាប់។
ឯកឧត្តម បានគូសបញ្ជាក់ថា ស្របពេលដែលកម្ពុជាកំពុងពង្រឹងការអប់រំថ្នាក់ឧត្តមសិក្សា អន្តរជាតូបនីយកម្មជាកត្តាអាទិភាព។ ជាក់ស្ដែង សិក្ខាសាលារបស់មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊លនារសៀលនេះ គឺជាជំហានឆ្ពោះទៅមុខយ៉ាងសំខាន់នៅក្នុងកិច្ចសហប្រតិបត្តិការអប់រំរវាងកម្ពុជា-កូរ៉េ ដោយបើកទ្វារសម្រាប់និស្សិតឆ្ពោះទៅរកការរីកចម្រើន ព្រមទាំងរួមចំណែកដល់ការពង្រឹងប្រព័ន្ធអប់រំជាតិរបស់យើងផងដែរ។ ឯកឧត្តបណ្ឌិត បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា ជំនួបថ្ងៃនេះ សិស្សានុសិស្សកម្ពុជា នឹងទទួលបានព័ត៌មានសំខាន់ៗ ចំណេះដឹង ព្រមទាំងបទពិសោធន៍ជាច្រើន ដើម្បីអាចសម្រេចក្ដីសុបិនរបស់ខ្លួន។
សូមជម្រាបថា មជ្ឈមណ្ឌលឈុងប៊ុកគ្លូប៊ល គឺជាមជ្ឈមណ្ឌលអប់រំអន្តរជាតិ ដែលត្រូវបានបង្កើតឡើង ដើម្បីជួយដល់សិស្សានុសិស្ស ដែលមានបំណងចង់ទៅសិក្សានៅប្រទេសកូរ៉េខាងត្បូង ជាពិសេសនៅសាកលវិទ្យាល័យនានាក្នុងខេត្ត Chungcheong ដោយផ្ដល់នូវការអប់រំចំណេះដឹងជាសកល និងបច្ចេកវិទ្យាទំនើប ឆ្លើយតបទៅនឹងតម្រូវការបច្ចុប្បន្ន ៕
ដោយ ៖ ម៉ាដេប៉ូ
រូបភាព ៖ លោក គ្រី សម្បត្តិ







