អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងKBL ចុះកិច្ចសហប្រតិបត្តិការ លើកិច្ចសហការផ្សព្វផ្សាយពីគ្រោះថ្នាក់ នៃគ្រឿងញៀន
(ភ្នំពេញ)៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងក្រុមហ៊ុនផ្សព្វផ្សាយឯកជនមួយ ដែលបានឈ្មោះថា ក្រុមហ៊ុនប៊ីខេអិល មេឌា ប្រូដាក់សិន ឯ.ក នៅរសៀលថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានសម្រេចចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MoU) ស្តីពីកិច្ចសហការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។
លោក ស៊ូ នីង (XU NING) នាយកប្រតិបត្តិក្រុមហ៊ុនប៊ីខេអិល មេឌា ប្រូដាក់សិន បានឱ្យដឹងថា អនុស្សរណៈនៃការយោគយល់នេះ ត្រូវអនុវត្តក្នុងគោលបំណងពង្រឹងកិច្ចសហការនិងលើកកម្ពស់ប្រសិទ្ធភាព នៃការងារផ្សព្វផ្សាយអប់រំពីផលប៉ះពាល់និងគ្រោះថ្នាក់នៃគ្រឿងញៀន ដើម្បីរួមចំណែកសម្រេចនូវឆន្ទៈដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកាត់បន្ថយនិងឈានទៅលុបបំបាត់បញ្ហាគ្រឿងញៀនពីកម្ពុជា និងផលិតព្រមទាំងផ្សព្វផ្សាយព័ត៌មានសកម្មភាពថ្នាក់ដឹកនាំ។ អនុស្សរណៈនៃការយោគយល់នេះ នឹងជួយគាំទ្រ និងសម្របសម្រួលផ្តល់ខ្លឹមសារ ឬសម្ភារប្រើប្រាស់ រួមទាំងនិមិត្តសញ្ញា(Logo) របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងការផ្សព្វផ្សាយអប់រំពីបញ្ហាគ្រឿងញៀន ព្រមទាំងផ្ដល់ការបណ្ដុះបណ្តាលជនបង្គោលទទួលខុសត្រូវការងារផ្សព្វផ្សាយអប់រំបញ្ហាគ្រឿងញៀនដល់អ្នកពាក់ព័ន្ធ។
ឯកឧត្តមនាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានលើកទឹកចិត្តដល់អ្នកផលិត អ្នកគ្រប់គ្រងកម្មវិធីឱ្យបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀននៅតាមកម្មវិធីផ្សាយនានា ផលិតមាតិកាអប់រំ ព្រមទាំងជួយសម្របសម្រួលរៀបចំវគ្គបណ្តុះបណ្តាលដល់អ្នកពាក់ព័ន្ធ មានលទ្ធភាពបញ្ជ្រាបខ្លឹមសារអប់រំពីបញ្ហាគ្រឿងញៀន។
ឯកឧត្តម បានឲ្យដឹងថា ក្រោមកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធ ក៏ដូចជាវិស័យឯកជននិងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន បានធ្វើឲ្យការប្រើប្រាស់គ្រឿងញៀន ក៏ដូចជាបទល្មើសគ្រឿងញៀននៅក្នុងមូលដ្ឋានទូទាំងប្រទេសមានការថយចុះគួរឲ្យកត់សម្គាល់ ក្នុងនោះការកែច្នៃគ្រឿងញៀន ក៏មានការថយចុះផងដែរ។
សូមជំរាបថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំង តាមរយះអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ជាសេនាធិការ ចំពោះការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយទទួលបានលទ្ធផលគួរឱ្យកត់សម្គាល់ជាបន្តបន្ទាប់។តែទោះយ៉ាងណា ការប្រយុទ្ធប្រឆាំងគ្រឿងញៀនគឺជាកិច្ចការដ៏វែងឆ្ងាយ និងលំបាក ដែលទាមទារឱ្យមានការចូលរួមពីសង្គមទាំងមូល៕
ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា











