ពលរដ្ឋ ១,៣៤០គ្រួសារ ក្នុងស្រុកស្ទោង ទទួលប័ណ្ណកម្មសិទ្ធដីធ្លី ស្របច្បាប់ពីរាជរដ្ឋាភិបាល
(កំពង់ធំ )៖ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកស្ទោង អញ្ជើញចែកប័ណ្ណកម្មសិទ្ធដីធ្លីចំនួន ៣,៣៥៧បណ្ណ ដល់ប្រជាពលរដ្ឋចំនួន ១,៣៤០គ្រួសារ ពីភូមិនាងនយ និងភូមិជីអាប់ ក្នុងឃុំចំណារក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ ។
ឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ បានថ្លែងថា៖ “លទ្ធផលនៃការចុះបញ្ជីដីធ្លីនេះ មានការចូលរួមយ៉ាងសកម្មក្នុងការពង្រឹងទីផ្សារដីធ្លី ការកំណត់សិទ្ធិជាលាយលក្ខណ៍អក្សរ និងបង្កើនចំណូលថវិការដ្ឋតាមរយៈពន្ធប្រថាប់ត្រា និងពន្ធអចលនទ្រព្យប្រចាំឆ្នាំ”។
ឯកឧត្តម បានរំលឹកដល់មន្ត្រីជំនាញឲ្យបន្តសហការជាមួយអាជ្ញាធរ ដើម្បីពន្លឿនការចុះបញ្ជីដីនៅភូមិ និងឃុំដែលមិនទាន់បានវាស់វែង តាមរយៈការជូនដំណឹងដល់ម្ចាស់ដី ឲ្យចូលរួមកំណត់ព្រំដីផ្លូវ ត្រពាំង ប្រឡាយទឹក និងដោះស្រាយវិវាទព្រំដី ប្រកបដោយសន្តិភាព។
ការចុះបញ្ជីដីធ្លី គឺជាជំហានសំខាន់មួយសម្រាប់ការកំណត់ព្រំដីរវាងដីរដ្ឋ និង ដីឯកជន ដើម្បីជៀសវាងការឈ្លានព្រំ និងបង្កើនសុវត្ថិភាពនៃកិច្ចសាងសង់ ឬប្រើប្រាស់ដីក្នុងគោលបំណងអភិវឌ្ឍជីវភាព។ ឯកឧត្តមបានផ្តល់អនុសាសន៍ដល់ប្រជាពលរដ្ឋឱ្យសុំអនុញ្ញាតសាងសង់ជាមុន មុននឹងធ្វើសកម្មភាពណាមួយលើដី ដើម្បីជៀសវាងវិវាទ និងការលំបាកផ្នែកច្បាប់ក្រោយមក ។
ឯកឧត្តម ថោ ជេដ្ឋា បានសាទរ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី និងក្រុមការងារដែលបានព្យាយាមអនុវត្តនីតិវិធីចុះបញ្ជីដី ជូនដល់ពលរដ្ឋហើយសង្ឃឹមថា ការវាស់វែង និងចុះបញ្ជីដី នឹងត្រូវបញ្ចប់ទាំងស្រុង នៅទូទាំងខេត្តក្នុងបំណាច់ ឆ្នាំ២០២៥ខាងមុខនេះ ៕
ដោយ ៖ ប៊ុន រដ្ឋា





