និស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ធ្វើទស្សនកិច្ចសិក្សា នៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី លើការងារចុះបញ្ជីដីធ្លី

(បន្ទាយមានជ័យ)៖ និស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ព្រមទាំងនិស្សិតថ្នាក់បរិញ្ញាបត្រជំនាញរៀបចំដែនដី និងរដ្ឋបាលដីធ្លី ឆ្នាំទី៣ ជំនាញទី១១ ទាំង ៦៤នាក់ អញ្ជើញធ្វើទស្សនកិច្ចសិក្សា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើការងារចុះបញ្ជីដីធ្លី និងឯកសារសុរិយោដី នៅមន្ទីររៀបចំដែនដី នគរូប នីយកម្ម សំណង់ និងសុរិយោដីនៅក្នុងខេត្តបន្ទាយមានជ័យ ។

លោក មាស ដារ៉ា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បញ្ជាក់ថា សម្រាប់ការចុះបញ្ជីដីធ្លី ក្រុមការងារបានបញ្ចប់ការវាស់វែងហើយ ដោយក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈ ជាប្រព័ន្ធទាំង ៩ក្រុម មានចំនួន ១៧៦នាក់ ក្នុងនោះមន្ត្រីក្របខណ្ឌ ៤៥នាក់ មន្ត្រីជាប់កិច្ចសន្យា ១៣នាក់ និស្សិតមហាវិទ្យាល័យរៀបចំដែនដី និងរដ្ឋបាលដីធ្លី ៣៥នាក់ និងយុវជន ស.ស.យ.ក ៨៣នាក់ បាននិងកំពុងបន្តអនុវត្តនីតិវិធីចុះបញ្ជីទាំង ៥ ដំណាក់កាល រួមមាន ៖ . ត្រៀមរៀបចំ, ប្រតិបត្តិការបច្ចេកទេស, បិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ, សម្រេចលើឯកសារនៃការវិនិច្ឆ័យ និង ចេញបណ្ឌ និង ចែកបណ្ណ ។

ជាលទ្ធផល គិតពីពេលចាប់ផ្តើម រហូតមកដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្បាលដីប៉ាន់ស្មានដែលត្រូវចុះបញ្ជី សរុបចំនួន ៦៧៨ ៦៦៥ ក្បាលដី, ក្បាលដីដែលបានវាស់វែង សរុបចំនួន ៧០៧ ៦២៣ ក្បាលដី (លើសក្បាលដីប៉ាន់ចំនួន ២៨ ៩៥៨ ក្បាលដី ), ក្បាលដីបានបិទផ្សាយ សរុបចំនួន ៣៦៣ ០៣១ ក្បាលដី (ក្បាលដីចុះបញ្ជី តំបន់ទន្លេសាប ចំនួន ៥ ១៧០ ក្បាលដី), ក្បាលដីដែលបានចេញបណ្ណ សរុបចំនួន ៣១៣ ៤២៥ ក្បាលដី, បណ្ណដែលបានចែកបណ្ណរួច សរុបចំនួន២៩៥ ៣៨១ ក្បាលដី, បណ្ណនៅសល់មិនទាន់ចែក សរុបចំនួន ១៧ ៧៣០ ក្បាលដី, ក្បាលដីមិនទាន់វាស់វែង សរុបចំនួន ៤ ៩៨៨ ក្បាលដី។

ជាមួយគ្នានោះថ្នាក់ដឹកនាំនៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ក៏បានអរគុណទៅដល់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និសូរិយោដីខេត្តបន្ទាយមានជ័យ ដែលបានផ្តល់ឱកាសដល់និស្សិតទាំងអស់បានអញ្ជើញចូលមកស្វែងយល់អំពីការបំពេញនីតិវិធី បញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅក្នុងភូមិសាស្ត្រនៃខេត្តបន្ទាយមានជ័យ និងបានរាយការណ៍អំពីសមិទ្ធផលការងារដែលសម្រេចបានប្រកបដោយផ្លែផ្កា ។

សូមបញ្ជាក់ថា ការចុះមកធ្វើទស្សនកិច្ចសិក្សា របស់និស្សិត នៃវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប គឺដើម្បីពង្រឹង និងបង្កើនការយល់ដឹងបន្ថែមលើការសិក្សាទ្រឹស្តី ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីៗបន្ថែមទៀត លើការអនុវត្តជាក់ស្តែង ក្នុងខេត្តបន្ទាយមានជ័យ ដោយដំណេីរទស្សនកិច្ចសិក្សា រយៈពេលខ្លី ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ដែលមាននិស្សិតចំនួន ៦៤នាក់ ស្រី ២៣នាក់ លោកគ្រូ អ្នកគ្រូដឹកនាំចំនួន ០៦នាក់ ៕

ដោយ ៖ ឃិន គន្ធា

ads banner