រដ្ឋបាលលោក Trump ផាកជនអន្តោប្រវេសន៍ ១ថ្ងៃ១,០០០ដុល្លារ
បរទេស៖ រដ្ឋបាលរបស់ Trump បាននិងកំពុងផាកពិន័យលើជនអន្តោប្រវេសន៍ ជិត១,០០០ដុល្លារអាមេរិក នៅក្នុង១ថ្ងៃ ជាផ្នែកមួយ នៃការដាក់សំពាធកាន់ខ្លាំង ដើម្បី ឲ្យជនបរទេស ទាំងនោះ និរទេសខ្លួនឯង ដោយស្ម័គ្រចិត្ត។
ទីភ្នាក់ងារព័ត៌មាន The News York Times បានចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ថា ការតម្រូវឲ្យបង់លុយទាំងនេះ គឺជាវិធានការថ្មីមួយទៀត ក្រោយពេល ដែលរដ្ឋបាលលោក Trump បានសម្រេចផ្តល់ប្រាក់រង្វាន់ ដល់អ្នកដែលព្រមចាកចេញតាមសម្រួល ហើយ អាជ្ញាធរហ៊ានចេញថ្លៃសំបុត្រ ជិះយន្តហោះ ដ៏ប្រណិត ដឹកដល់ប្រទេសកំណើត ទៀតផង។
ចំពោះវិធានការចុងក្រោយនេះ បើយោងតាមលោកស្រី Tricia McLaughlin អ្នកនាំពាក្យ ក្រសួងសន្តិសុខមាតុភូមិ របស់អាមេរិក បានឲ្យដឹងថា អាជ្ញាធរបានទទួលប្រាក់ពិន័យ សរុប២ពាន់លានដុល្លារអាមេរិក ពីក្រុមអ្នកស្នាក់នៅអាមេរិក ដោយគ្មានឯកសារ ចំនួនជិត ៧,០០០នាក់ គិតត្រឹមសប្តាហ៍នេះ។
យ៉ាងណាមិញ មិនទាន់ដឹងច្បាស់ថាតើ រដ្ឋបាលលោក Trump បានប្រមូលប្រាក់ពិន័យ តាមរបៀបណានោះទេ ប៉ុន្តែ មន្ត្រីបាននិយាយថា ពួកគេអាចដកលុយ ដោយស្វ័យប្រវត្ថិ ចេញពីប្រាក់ឈ្នួលរបស់ជនបរទេសទាំងនោះ ឬ បញ្ជូនមនុស្ស ទៅប្រមូល ការផាកពិន័យ ជាលក្ខណៈឯកជន ដល់ផ្ទះ តែម្តង។
ជុំវិញរឿងនេះ លោកស្រី Kathleen Bush-Joseph អ្នកវិភាគ គោលនយោបាយ ប្រចាំនៅវិទ្យាស្ថានគោលនយោបាយ ធ្វើចំណាកស្រុក បាននិយាយថា ការផាកពិន័យបែបនេះ គឺជា «ទិដ្ឋភាពមួយផ្សេងទៀត នៃយុទ្ធនាការដាក់សម្ពាធ កាន់តែខ្លាំង ដោយគ្មានការលើកលែង»។
ជាការកត់សម្គាល់ លោក Trump ក៏ធ្លាប់ដាក់ចេញវិធានការ ផាកពិន័យលើជនអន្តោប្រវេសន៍ផងដែរ កាលពីអាណត្តិដំបូងរបស់លោក ក្នុងឆ្នាំ២០១៩ ប៉ុន្តែ ក្រោយមក ត្រូវបានលុបចោលវិញ ក្រោមរដ្ឋបាលរបស់លោក Joe Biden អតីតប្រធានាធិបតី ក្រោយមើលឃើញថា គ្មានប្រសិទ្ធិភាព។
គួរបញ្ជាក់ថា ចាប់តាំងពីចូលកាន់តំណែង អាណត្តិទី២ កាលពីខែមករាមក លោកប្រធានាធិបតីអាមេរិក Donald Trump បានបើកការបង្រ្កាបដ៏ធំ លើជនអន្តោប្រវេសន៍ ដោយមាន ទាំងការចាប់ខ្លួនដោយបង្ខំ និង ការនិរទេស ចាប់បណ្តេចចេញ ទៅកាន់ប្រទេសទីបី ទៀតផង។
ប៉ុន្តែ មន្ត្រីក៏បានលើកទឹកចិត្ត ជនចំណាកស្រុក ឱ្យចាកចេញពីអាមេរិក ដោយស្ម័គ្រចិត្ត ដោយផ្តល់ជូនពួកគេ នូវជើងហោះហើរ ដោយឥតគិតថ្លៃ និងប្រាក់ឧបត្ថម្ភចំនួន ១,០០០ដុល្លារអាមេរិក។ ជាការកត់សម្គាល់ អំឡុងសប្តាហ៍នេះ ជនចំណាកស្រុករាប់សិបនាក់ បានយល់ព្រមចាកចេញ ពីសហរដ្ឋអាមេរិក ដោយស្ម័គ្រចិត្ត ទៅកាន់ប្រទេស កូឡុំប៊ី និង ហុងឌូរ៉ាស៕
ប្រភពពី The News York Times ប្រែសម្រួល៖ សារ៉ាត