ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងនិងមហាជនខេត្តបន្ទាយមានជ័យបានចូលរួមយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា

(បន្ទាយមានជ័យ)៖ ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំង និងនិស្សិត សិស្សានុសិស្សរួមទាំងមហាជន បានស្ម័គ្រចិត្តចូលរួមយ៉ាងផុលផុសយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា បន្ទាប់ពីមានសេចក្ដីអំពាវនាវ របស់ ឯកឧត្តមអភិបាលខេត្ត ក្នុងកិច្ចប្រជុំគណៈ បញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅឯសាលប្រជុំសាលាខេត្ត។

លោក ហ៊ីល រ៉ាយ៉ា អភិបាលរងខេត្តបន្ទាយមានជ័យ បានឲ្យដឹងកាលពីរសៀថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥នេះថា ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំងនិងនិស្សិត សិស្សានុសិស្សរួមទាំងមហាជន ក្នុងនោះក៏មានក្រុមជិះកង់ក្រុងប៉ោយប៉ែត និងក្រុមជិះកង់ខេត្តបន្ទាយមានជ័យបានស្ម័គ្រចិត្តចូលរួមយ៉ាងផុលផុសយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ សម្រាប់កុមារកម្ពុជា ។

បើយោងបណ្ដាញសង្គមក៏ដូចអ្នកគ្រប់គ្រងគ្រុបតេលេក្រាមតាមរដ្ឋបាលក្រុងស្រុក មន្ទីរ អង្គភាព និងស្ថាប័ននានាជុំវិញខេត្តបន្ទាយមានជ័យ បានបរិចាកថវិកាម្នាក់ ១ម៉ឺនរៀល តាមរយៈ QR Code របស់មូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានភ្ជាប់ជាមួយសេចក្ដីអំពាវនាវរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យផងដែរ ។

ឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ជាយុទ្ធនាការប្រចាំឆ្នាំរបស់មូលនិធិ គន្ធបុប្ផាកម្ពុជា ដែលត្រូវបានរៀបចំឡើងក្នុងគោលបំណងចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈការអំពាវនាវឱ្យមានការចូលរួមបរិច្ចាគជូនមូលនិធិគន្ធបុប្ផាកម្ពុជា ទោះតិចក្តី ច្រើនក្តី ពីសំណាក់សប្បុរសជននានាទាំងក្នុង និងក្រៅប្រទេសដើម្បីរួមគ្នាផ្តល់ក្តីស្រលាញ់ ដល់កុមារកម្ពុជា ។

ឯកឧត្តមអ៊ុ រាត្រី បានអំពាវនាវដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ កងកម្លាំង និងមហាជនមេត្តាចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនក្នុងយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឱ្យបានគ្រប់ៗគ្នា ដើម្បីធានានិរន្តរភាព និងដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា ក្នុងបេសកកម្មជួយ សង្គ្រោះកុមារកម្ពុជា ។

ខេត្តបន្ទាយមានជ័យនឹងបើកយុទ្ធនាការ“១ម៉ឺនរៀល ១ម៉ឺននាក់” សម្រាប់កុមារកម្ពុជា ទ្រង់ទ្រាយធំ នាថ្ងៃទី៣១ ខែឧភា ឆ្នាំ២០២៥នេះ ដោយក្បួនជិះកង់ចាប់ផ្ដើមចេញដំណើរពីចំនុចការ៉ាស់សាំងសូគីមិចក្រុងសិរីសោភ័ណមកបញ្ចប់នៅមន្ទីរពេទ្យសិរីសោភ័ណទីរួមខេត្តបន្ទាយមានជ័យ ។

សូមបញ្ជាក់ថា យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៥ សម្រាប់កុមារនេះដែលជាមូលនិធិគន្ធបុប្ផាកម្ពុជាក៏នឹងបើកយុទ្ធនាការទូទាំងប្រទេសនាថ្ងៃទី១ខែមិថុនាឆ្នាំ២០២៥នេះ ។ មូលនិធិគន្ធបុប្ផាបានជួយដល់កុមារកម្ពុជាទៅលើផ្នែកពិនិត្យនិងព្យាបាលដោយមិនយកថ្លៃសេវាហើយពុំមានការរើសអើង ។ ម៉្យាងវិញទៀត មន្ទីរពេទ្យគន្ធបុប្ផានៅកម្ពុជាតែងទទួលបានការគាំទ្រជួយឧបត្ថមថវិកាពីប្រមុខថ្នាក់ដេកនាំរាជរដ្ឋាភោបាល និងមូលនិធិជារួមពីចលនាសប្បុរសធម៌នេះ ៕

ដោយ ÷ គៀន ច័ន្ទហ៊ីន

ads banner