បណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសជប៉ុន គឺជាការផ្តល់នូវសន្ទស្សន៍ថ្មីថែមទៀតសម្រាប់​ទំនាក់​ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន

ភ្នំពេញ៖ បណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថ្លែងប្រាប់ AMS ថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុនចាប់ពីថ្ងៃទី២៨ ដល់៣១ ខែឧសភា ឆ្នាំ ២០២៥ គឺជាការផ្តល់នូវសន្ទស្សន៍ថ្មីថែមទៀតសម្រាប់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងជប៉ុន ត្បិតទំនាក់ទំនងរវាងប្រទេសទាំងពីរ គឺកំពុងតែមានការអភិវឌ្ឍន៍រីកចម្រើនស្រាប់។ កាលពីឆ្នាំ២០២៣ កន្លងទៅ កម្ពុជា និងជប៉ុន គឺបានដំឡើងកម្រិតទំនាក់ទំនងការទូតរបស់ខ្លួន រហូតដល់ទៅភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលនេះគឺជាការវិវត្តថ្មីក្នុងរយៈពេលជាង៧០ឆ្នាំ ដែលទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរត្រូវបានពង្រឹងពង្រីក និងមានលក្ខណៈស៊ីជម្រៅទៅលើវិស័យជាច្រើនទាំងនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម ការអភិវឌ្ឍន៍ បច្ចេកវិទ្យា រហូតទៅដល់សន្តិសុខសាយប័រទៅទៀត។

បណ្ឌិត គិន ភា បានមានប្រសាសន៍បន្តថា ដំណើរទស្សនកិច្ចរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសជប៉ុននាពេលខាងមុខនេះ គឺមានសារៈសំខាន់សម្រាប់ព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាសម្រាប់ប្រទេសជប៉ុនដែរ ក្នុងការធ្វើឱ្យទំនាក់ទំនងកាន់តែស៊ីជម្រៅបន្ថែមទៀត ហើយក៏ជាការបញ្ជាក់អំពីដំណើរការធ្វើពិពិធកម្មការទូតរបស់កម្ពុជា។ ដូចដែលរាជរដ្ឋាភិបាលតែងតែបានបញ្ជាក់ម្តងហើយម្តងទៀតថា កម្ពុជាគឺប្រកាន់ភ្ជាប់នូវគោលនយោបាយការបរទេសមួយដែលមិនយកប្រទេសណាជាសត្រូវ ហើយក៏មិនចូលរួមជាមួយប្រទេសណាដើម្បីប្រឆាំងជាមួយប្រទេសណាដែរ គឺកម្ពុជាតែងតែមានបំណងប្រាថ្នា និងសុឆន្ទៈក្នុងការពង្រឹងពង្រីកទំនាក់ទំនងការទូតរបស់ខ្លួនជាមួយបណ្តាប្រទេសនានាទាំងអស់ទាំងក្របខណ្ឌប្រទេសក្បែរខាង ប្រទេសនៅក្នុងតំបន់ និងពិភពលោក។ វាមិនដូចក្រុមមនុស្សមួយចំនួនចោទប្រកាន់ថាកម្ពុជាមានទំនាក់ទំនងចាក់ទឹកមិនលេចស៊ីជម្រៅតែជាមួយប្រទេសចិនទេ គឺជប៉ុនក៏ជាប្រទេសដែលមានទំនាក់ទំនងភាពជាដៃគូរយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយនឹងកម្ពុជាផងដែរ។ ទំនាក់ទំនងកម្ពុជា ជប៉ុន គឺចងដោយចំណងប្រវត្តិសាស្ត្រយូរអង្វែង ហើយនិងប្រវត្តិនៃការគាំទ្រគ្នាទៅវិញទៅមក ហើយជាពិសេសចាប់ពីក្រោយកលិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសមកឃើញថា ប្រទេសជប៉ុនបានដើរតួនាទីដ៏មានសារៈសំខាន់ក្នុងដំណើរការកសាងសន្តិភាពនៅកម្ពុជា ក៏ដូចជាការស្តារនិងអភិវឌ្ឍន៍ប្រទេសកម្ពុជាឡើងវិញ។

គួររបញ្ជាក់ឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នឹងអញ្ជើញទៅបំពេញទស្សនកិច្ចការងារផ្លូវការនៅប្រទេសជប៉ុន ដែលនឹងប្រព្រឹត្តទៅពីថ្ងៃទី២៨ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។
អញ្ជើញអមដំណើរសម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត រួមមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រី មន្ត្រីជាន់ ខ្ពស់នៃរាជរដ្ឋាភិបាល និងតំណាងពីវិស័យឯកជន។

សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងមានជំនួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម ISHIBA Shigeru នាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុន។ សម្តេចធិបតីក៏គ្រោងនឹងមានជំនួបទ្វេភាគីដាច់ដោយ ឡែកជាមួយថ្នាក់ដឹកនាំនៃស្ថាប័ននីតិបញ្ញត្តិជប៉ុន និងអញ្ជើញចូលរួមថ្លែងសុន្ទរកថាគន្លឹះនៅក្នុង សន្និសីទអន្តរជាតិលើកទី៣០ ស្តីពី «អនាគតរបស់អាស៊ី»។ លើសពីនេះ សម្តេចធិបតី នឹងអញ្ជើញ ចូលរួមវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន។ ក្នុងអំឡុងពេលស្នាក់នៅប្រទេសជប៉ុន សម្តេចធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត នឹងមានជំនួបសំណេះសំណាលជាមួយសហគមន៍ខ្មែរនៅប្រទេសជប៉ុន ផងដែរ។ ដំណើរទស្សនកិច្ចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី នៅប្រទេសជប៉ុន នឹងជំរុញបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕
ដោយ៖ពលជ័យ

ads banner