ក្រសួងបរិស្ថានបានចាត់ការផ្លូវច្បាប់ដល់ ក្រុមហ៊ុន Guowang State Food Co., Ltd បន្ទាប់ពីបានបញ្ចេញទឹកកខ្វក់ បំពុលតំបន់ទឹកសាធារណៈ ក្នុងខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ក្រសួងបរិស្ថានបានអនុវត្តវិធានការផ្លូវច្បាប់ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៥ ដល់ ក្រុមហ៊ុន Guowang State Food Co., Ltd ដែលជាប្រភេទរោងចក្រផលិតដំណាប់ស្វាយ ស្ថិតនៅឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ការចាត់វិធានការក្តៅចំពោះក្រុមហ៊ុនមួយនេះទៀត បន្ទាប់ពីក្រសួងបរិស្ថាន បានរកឃើញថាបានលួច បញ្ចេញសំណល់រាវមិនត្រឹមត្រូវ ធ្វើឱ្យមានការបំពុលដល់អូរធម្មជាតិ និងធ្វើឱ្យមានត្រីងាប់មួយចំនួន។

ចាប់ពីពេលនេះ ក្រសួងបរិស្ថានសម្រេចឱ្យផ្អាកការបញ្ចេញសំណល់រាវ ពីទីតាំងក្រុមហ៊ុន ជាបណ្តោះអាសន្ន រហូតដល់មានការសម្រេចជាថ្មី។ ក្រុមហ៊ុនត្រូវពិន័យអន្តរការណ៍ជាប្រាក់ តាមការប្រព្រឹត្តល្មើស តាមមាត្រានៃច្បាប់ និងត្រូវផ្តល់សំណងផលប៉ះពាល់បរិស្ថាន និងការខូចខាត ទៅតាមការគណនាជាក់ស្តែង។ លើសពីនេះ ក្រសួងបរិស្ថានបានតម្រូវឱ្យក្រុមហ៊ុន ធ្វើការកែសម្រូលអាងប្រព្រឹត្រិកម្មឲ្យបានត្រឹមត្រូវ តាមបច្ចេកទេសឡើងវិញ។

ក្រសួងបញ្ជាក់ថា ក្រោយការកែសម្រួលរួច នឹងត្រូវធ្វើការបំពាក់ឧបកណ៍ស្វ័យត្រួតពិនិត្យ បញ្ចេញសំណល់រាវ និងស្នើសុំវាយតម្លៃ និងលិខិតអនុញ្ញាតបញ្ចេញសំណល់ពីក្រសួងបរិស្ថាន។ ជាមួយគ្នានេះដែរ ក្រុមហ៊ុននេះ មិនទាន់មានរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថាន EIA នៅឡើយទេ ដូចនេះត្រូវពន្លឿនក្នុងរៀបចំរបាយការណ៍ EIA តាមការកំណត់។ យោងតាមច្បាប់ជាធរមាន ក្នុងករណី មិនអនុវត្តតាមចំណុចវិធានការខាងលើ ក្រសួងនិងចាត់វិធានការបិទក្រុមហ៊ុនតែម្តង។

សូមបញ្ជាក់ថា តាមការចុះពិនិត្យជាក់ស្តែង ក្រុមការងារក្រសួងបរិស្ថាន ដោយមានការសហការពីអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ បានរកឃើញថា ក្រុមហ៊ុនបាននិងកំពុងដំណើអាជីវកម្ម កែច្នៃដំណាប់ស្វាយ សម្រាប់ការនាំចេញ។ ក្រុមហ៊ុនបានរៀបចំអាងប្រព្រឹត្តិកម្មរួចរាល់ និងកំពុងដំណើរការសាកល្បង ប៉ុន្តែក្រុមការងារបានរកឃើញថា អាងនេះមានលក្ខណៈតូច ពុំអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការសម្អាតសំណល់ប្រចាំថ្ងៃឡើយរបស់ក្រុមហ៊ុន ដែលមានចំនួន ៥០ ម៉ែត្រគូប/ថ្ងៃ។

បច្ចុប្បន្ន សំណល់រាវត្រូវបានបង្ហូរចូលស្រះស្តុកបណ្តោះអាសន្នចំចំនួន១ទីតាំង ទំហំ១ហិកតា។ ក្រុមការងារក្រសួងបរិស្ថានបានពិនិត្យឃើញថា ការគ្រប់គ្រងសំណល់រាវកន្លងមក មិនបានត្រឹមត្រូវឡើយ ដែលនាំមានសំណល់រាវចូលប្រភពទឹកអូរ ដែលជាហេតុបង្កឲ្យមានក្លិនស្អុយ និងមានត្រីងាប់។

ជាមួយគ្នានេះក្រសួងបរិស្ថានបានអំពាវនាវដល់ម្ចាស់ រោងចក្រ សហគ្រាស ឬក្រុមហ៊ុន ដែលកំពុងដំណើរការអាជីវកម្ម ដែលមានសក្តានុពលប្រភពបំពុលទាំងអស់ ចូលរួមអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួន តាមក្រមបរិស្ថាននិងធនធានធម្មជាតិនិងបទដ្ឋានគតិយុត្តនានាជាធរមាន ដែលមានចែងស្តីពីបរិស្ថាន និងសូមឈប់បង្ហូរទឹកកខ្វក់ចូលប្រភពទឹកស្អាត ព្រោះវាជាអំពើខុសច្បាប់ ហើយដែលប៉ះពាល់ធ្ងន់ធ្ងរដល់បរិស្ថាននិង ជាពិសេសសុខភាពប្រជាពលរដ្ឋ៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner