កម្ពុជា-ចិន ប្រារព្ធពិធីបើកជាផ្លូវការ “ឆ្នាំទេសចរណ៍ ២០២៥”

ភ្នំពេញ ៖ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម ស៊ូ ឃុនលីន (Xu Kunlin) អភិបាលខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន នាល្ងាចថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ បានអញ្ជើញក្នុងពិធីបើក “ឆ្នាំទេសចរណ៍ កម្ពុជា-ចិន ២០២៥” អមដោយការសម្តែងសិល្បៈពិសេស “សម្រស់កម្ពុជា-ជាំងស៊ូ” ។ ក្នុងពិធីដ៏វិសេសវិសាលនេះមានការអញ្ជើញចូលរួមពីឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ឯកឧត្តម វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រសួង ស្ថាប័ន តំណាងអង្គទូតនៃប្រទេសជាមិត្ត ព្រមទាំងភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ នៅសាលសន្និសីទចតុម្មុខ រាជធានីភ្នំពេញ។

ថ្លែងក្នុងពិធីដ៏នេះ ឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ មានប្រសាសន៍ថា ការប្រារព្ធពិធីបើកជាផ្លូវការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» គឺជាលទ្ធផលជាប្រវត្តិសាស្រ្តនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៧-១៨ ខែមេសា ឆ្នាំ២០២៥ ដោយប្រមុខរដ្ឋាភិបាលទាំងពីរ បានកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» បន្តពីឆ្នាំ២០២៤ ដែលត្រូវបានកំណត់ជា «ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន កម្ពុជា-ចិន» ដែលយើងបានរួមគ្នារៀបចំពិធីបិទយ៉ាងអធិកអធម កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ នៅខេត្តហឺណាន សាធារណរដ្ឋប្រជាមានិតចិន។

ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍បន្តថា យុទ្ធនាការ «ឆ្នាំទេសចរណ៍កម្ពុជា-ចិន ២០២៥» នេះ គឺស្របតាមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់ និងផ្លូវ» និងស្មារតី មិត្តដែកថែប សហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ប្រកបដោយស្ថិរភាព និងចីរភាព ក៏ដូចជាក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្ររវាងកម្ពុជា-ចិន ផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ ឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា ដែលបានគាំទ្រគំនិតផ្តួចផ្តើមរបស់ក្រសួងទេសចរណ៍ ក្នុងការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍ កម្ពុជា-ចិន» និងបានសម្របសម្រួលយ៉ាងសកម្មជាមួយក្រសួងវប្បធម៌និងទេសចរណ៍ និងក្រសួងការបរទេសចិន រហូតទទួលបានការអនុម័តជាផ្លូវការពីប្រមុខរដ្ឋាភិបាលទាំងពីរ។

ជាមួយគ្នានោះ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី បានគូសរំលេចថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិត និង ថាមពលរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ តាមរយៈនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និង ជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ សង្ឃឹមយ៉ាងមុតមាំថា ការកំណត់យកឆ្នាំ២០២៥ ជា «ឆ្នាំទេសចរណ៍កម្ពុជា-ចិន» នឹងក្លាយជាចលករយ៉ាងសំខាន់ក្នុងការជំរុញបង្កើនភ្ញៀវទេសចរចិនមកទស្សនាកម្ពុជា បង្កើនទំនាក់ទំនងក្នុងវិស័យ ទេសចរណ៍ និងវប្បធម៌រវាងប្រទេសទាំងពីរ ព្រមទាំងបន្តជំរុញការផ្លាស់ប្ដូររវាងប្រជាជននិងប្រជាជន ជាពិសេសការផ្លាស់ប្ដូរក្នុងចំណោមយុវជន និងថ្នាក់ដឹកនាំជំនាន់ក្រោយ ដើម្បីរួមចំណែកដល់ការសម្រេចបំណងប្រាថ្នាក្នុងការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន ។ ដោយ ហេង សម្បត្តិ+ថេត វិចិត្រ

ថេត​ វិចិត្រ
ថេត​ វិចិត្រ
ជាការីថត និងយកព័ត៌មានប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា។ មានបទពិសោធន៍ច្រើនឆ្នាំ លើវិស័យព័ត៌មាន និងមានទំនាក់ទំនងល្អជាមួយអង្គភាព និង ស្ថាប័នផ្សេងៗផងដែរ។ កត្តាទាំងនេះ នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner