អាមេរិកដកទណ្ឌកម្មចេញពីស៊ីរីជាផ្លូវការ
បរទេស ៖ សហរដ្ឋអាមេរិកបានដកទណ្ឌកម្មសេដ្ឋកិច្ច យ៉ាងទូលំទូលាយ ចេញពីប្រទេសស៊ីរី ជាផ្លូវការ កាលពីថ្ងៃសុក្រ បង្ហាញពីការផ្លាស់ប្តូរគោលនយោបាយ យ៉ាងខ្លាំង បន្ទាប់ពីការបញ្ចប់របបដឹកនាំ របស់លោក Assad ដែលលោកខាងលិច មិនពេញចិត្ត។
រដ្ឋមន្ត្រីហិរញ្ញវត្ថុអាមេរិក លោក Scott Bessent បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ប្រទេសស៊ីរី ត្រូវតែបន្តធ្វើការ ឆ្ពោះទៅរក ការក្លាយជាប្រទេស ដែលមានស្ថិរភាព និង សន្តិភាព ហើយសកម្មភាព នៅថ្ងៃនេះ យើងសង្ឃឹមថា នឹងធ្វើឱ្យស៊ីរី ដើរនៅលើផ្លូវ ទៅកាន់អនាគត ដ៏ភ្លឺស្វាង និង វិបុលភាព»។
គួររម្លឹក ក្នុងអំឡុងពេលទស្សនកិច្ច នៅតំបន់មជ្ឈិមបូព៌ា ប្រមាណ១សប្តាហ៍មុន លោកប្រធានាធិបតី Trump បានប្រកាសថា អាមេរិកនឹងដកទណ្ឌកម្ម លើប្រទេសស៊ីរី ក្នុងការឆ្លើយតបទៅនឹងការទាមទារ ពីប្រទេសទួកគី និងអារ៉ាប៊ី សាអូឌីត។ ដោយពេលនោះ លោកថែមទាំងបានជួបប្រធានាធិបតីអាសន្ន របស់ស៊ីរីទៀតផង។
កន្លងមក សហរដ្ឋអាមេរិកបានដាក់កំហិត លើប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយប្រទេសស៊ីរី ក្នុងអំឡុងពេលសង្គ្រាមស៊ីវិល រយៈពេល ១៤ ឆ្នាំ របស់ប្រទេសនេះ។
បន្ទាប់ពីធ្វើយុទ្ធនាការផ្តួលរំលំលោក Assad អតីតប្រធានាធិបតីស៊ិរី កាលពីឆ្នាំមុន រួចមក រដ្ឋាភិបាលថ្មីបាននិងកំពុងសម្លឹងរក ការកសាងទំនាក់ទំនង ឡើងវិញ ជាមួយរដ្ឋាភិបាល លោកខាងលិច និង ចង់ឲ្យមានការលុបចោល ការដាក់ទណ្ឌកម្ម កន្លងមក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត