បិទបញ្ចប់សមយុទ្ធយោធា«តោអាហ្រ្វិក»
បរទេស ៖ សមយុទ្ធយោធា «តោអាហ្រ្វិក» លើកទី២១ ដែលដឹកនាំដោយអាមេរិក បានបិទបញ្ចប់ដោយជោគជ័យ នៅភាគខាងត្បូង ប្រទេសម៉ារ៉ុក កាលពីថ្ងៃសុក្រ ពោលគឺបន្ទាប់ពីបានចាប់ផ្តើម តាំងពីថ្ងៃទី១៤ ខែមេសា។

លោក ឧត្តមសេនីយ៍ Michael Langley មេបញ្ជាការរបស់អាមេរិក ទទួលបន្ទុកជាប្រធានដឹកនាំ បានពន្យល់ថា «លំហាត់ហ្វឹកហ្វឺន បានបង្ហាញពីការប្រយុទ្ធ, សមាហរណកម្ម ពីអាកាស ទៅលើដី និង ការបាញ់ប្រហារ ព្រមទាំង សកម្មភាព ផ្សេងៗទៀត»។

កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសម៉ារ៉ុក ហៅកាត់ RAF បានចូលរួមនៅក្នុងហ្គេមសង្រ្គាមចម្រុះជាតិសាសន៍អាហ្រ្វិក Lion 2025 ឬ AL25 ជាមួយកងកម្លាំងពិសេស មកពីអាមេរិក ហ្គាណា និងហុងគ្រី នៅតំបន់ឆ្នេរសមុទ្រអាត្លង់ទិក។ សមយុទ្ធនេះបានសាកល្បង ការក្លែងធ្វើជាកម្រិតខ្ពស់ នៃការប្រយុទ្ធ ដោយអាវុធប្រល័យលោក ឬ WMD រួមទាំង ការស្ទាក់ចាប់នាវា ផ្ទុកសារធាតុផ្ទុះ និង គីមី។

គួរបញ្ជាក់ថា សមយុទ្ធទាំងនេះ បង្កើតបានជាលំហាត់ហ្វឹកហ្វឺនយោធា ប្រចាំឆ្នាំ ដ៏ធំបំផុត និងមានកិត្យានុភាពបំផុត របស់ទីបញ្ជាការទ្វីបអាហ្រ្វិក សហរដ្ឋអាមេរិក ហៅកាត់ AFRI COM ហើយឆ្នាំនេះ ត្រូវបានធ្វើឡើង នៅប្រទេសម៉ារ៉ុក ហ្គាណា សេណេហ្គាល់ និងទុយនីស៊ី។

នេះគឺជាសមយុទ្ធពហុដែន, ពហុសមាសភាគ និងពហុជាតិ ដែលមានការចូលរួមពីកងទ័ពមកពីប្រទេសនានា ក្នុងទ្វីបអាហ្រ្វិក អឺរ៉ុប អាមេរិកឡាទីន និងមជ្ឈិមបូព៌ា រួមទាំង ភាគីមកពីប្រទេសចំនួន៧ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬ ណាតូ និង អ៊ីស្រាអែល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
