សង្គ្រោះអ្នកជីករ៉ែ២៦០នាក់មានជីវិតរស់ នៅអាហ្វ្រិកខាងត្បូង
បរទេស៖ ប្រតិបត្តិករ អណ្តូងរ៉ែ នៅប្រទេសអាហ្វ្រិកខាងត្បូង បាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ កាលពីថ្ងៃសុក្រ បានទាញ សង្គ្រោះកម្មករអណ្តូងរ៉ែ ២៦០នាក់នៅមានជីវិតរស់ ទាំងអស់ ក្រោយពីបានជាប់គាំង អស់រយៈពេលជាង ២៤ម៉ោង នៅក្នុងរណ្តៅក្រោមដី។

ក្រុមអ្នករុករករ៉ែ ទាំងនោះ បានជាប់ នៅអណ្តូងរ៉ែមាស Kloof ចម្ងាយ៦០គីឡូម៉ែត្រ ភាគខាងលិច រដ្ឋធានី Johannesburg ពោលគឺ បន្ទាប់ពីស្ទូចដែលប្រើដើម្បីចូលទៅក្នុងអណ្តូងរ៉ែនោះ បានខូចខាត នេះបើតាមក្រុមហ៊ុនរុករករ៉ែ Sibanye-Stillwater។

ក្រុមហ៊ុនរុករករ៉ែ បាននិយាយថា «និយោជិតទាំងអស់ ដែលរងផលប៉ះពាល់ក៏នឹងទទួលការពិនិត្យសុខភាពឱ្យបានហ្មត់ចត់ ប្រសិនបើចាំបាច់ ខណៈពេលដែលការគាំទ្រ ក៏ត្រូវបានពង្រីកដល់គ្រួសាររបស់ពួកគេ ផងដែរ»។

ការជីកយករ៉ែ ផ្តល់ការងារដល់មនុស្សរាប់សែននាក់ នៅអាហ្រ្វិកខាងត្បូង ដែលជាប្រទេសនាំចេញ ផ្លាទីន ធំជាងគេ និងជាអ្នកនាំចេញមាស ពេជ្រ ធ្យូងថ្ម និងវត្ថុធាតុដើមដ៏ទៃទៀត។ ប៉ុន្តែគ្រោះថ្នាក់គឺជារឿងធម្មតា។ កម្មករអណ្តូងរ៉ែ រាប់សិបនាក់ ត្រូវបានសម្លាប់ ជារៀងរាល់ឆ្នាំ ដោយសារតែបញ្ហាស្តង់ដារសុវត្ថិភាព មិនល្អ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

