យុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ត្រូវបានជំរុញដោយអភិបាលខេត្តបាត់ដំបង
បាត់ដំបង៖ ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង និងជា ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបានណែនាំដល់គ្រប់មន្ទីរ អង្គភាព និងរដ្ឋបាលក្រុង ស្រុកទាំងអស់ ត្រូវជំរុញការផ្សព្វផ្សាយ និងចូលរួមយុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់”តាមរយៈការបរិច្ចាគថវិកាតាមរយៈមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា។
ឆ្លើយតបនឹងការផ្ដួចផ្ដើមនិងដឹកនាំដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា បន្តរៀបចំ នូវយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់”សម្រាប់ឆ្នាំ២០២៥ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាល ខេត្តបាត់ដំបងនាចុងសប្ដាហ៍នេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានប្រាប់មន្រ្តីចូលរួមក្នុងកិច្ចប្រជុំថាយុទ្ធនាការ”១ម៉ឺនរៀល ១ម៉ឺននាក់” មានរយៈពេលពេញមួយខែមិថុនា។ យុទ្ធនាការនេះក្នុងគោលបំណងដើម្បីជំរុញចលនាកៀរគរថវិកាសប្បុរសធម៌ ឱ្យកាន់តែផុលផុសនិងសកម្មបន្ថែមទៀតនៅក្នុងគ្រួសារខ្មែរទាំងមូល។ជាមហាចលនាមនុស្សធម៌របស់ជាតិ និងក្នុងស្មារតី”ខែ្មរជួយខ្មែរ”។ យុទ្ធនាការនេះដើម្បីនាំក្តីសង្ឃឹម និងភាពញញឹម ដល់ទារកនិងកុមារនៅកម្ពុជា។
ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបងឯកឧត្តម សុខ លូ បានបញ្ជាក់បន្ថែមថា ការរៀបចំយុទ្ធនាការ”១ម៉ឺនរៀល១ម៉ឺននាក់”ក្នុងខែមិថុនាខាងមុខជាការចូលរួមអបអរសាទរនៃ “ទិវាកុមារអន្តរជាតិ ១ មិថុនា” ឆាប់ៗខាងមុខងផងដែរ។
បើតាមគេហទំព័រមូលនិធិគន្ធបុប្ផាកម្ពុជា បានរំលេចឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផា បានចាប់ផ្តើមដំណើរការឡើងវិញ នៅឆ្នាំ១៩៩២ ក្រោមការគ្រប់គ្រងរបស់លោកវេជ្ជបណ្ឌិត បេអាត រិចស្ទ័រ(BEAT Richner)និងក្រោមការដឹកនាំ នៃ ក្រសួងសុខាភិបាលកម្ពុជា។
មន្ទីរពេទ្យគន្ធបុប្ផា បានពង្រីកនិងបន្តអភិវឌ្ឍ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការសេវាសុខាភិបាលជាចាំបាច់របស់ទារក និងកុមារនៅកម្ពុជា។បច្ចុប្បន្នមន្ទីរពេទ្យគន្ធបុប្ផា មានឧបករណ៍ពិនិត្យនិងវិភាគទំនើបៗដែលអាចធ្វើរោគវនិ
ច្ឆ័យបានច្បាស់លាស់ និងឈានរហូតដល់អាចធ្វើការវះកាត់”បេះដូងចំហរ” ប្រកបដោយប្រសិទ្ធភាពខ្ពស់ ដោយវេជ្ជបណ្ឌិតឯកទេស ជាជនជាតិខ្មែរ។
សូមបញ្ជាក់ថា មន្ទីរពេទ្យគន្ធបុប្ផាត្រូវបានទទួលស្គាល់ជា “មន្ទីរពេទ្យគំរូមួយ” ដែលបានចូលរួមយ៉ាងសកម្មក្នុងការកាត់បន្ថយអត្រាមរណភាព មាតា កុមារ និងទារក នៅកម្ពុជា។ការពិនិត្យ និង ព្យាបាលកុមារ ប្រកបដោយគុណភាព វិជ្ជាជីវៈ ដោយឥតគិតថ្លៃនិងមិនរើសអើង។ នេះជាគោលការណ៍ដែលបានកំណត់ដោយលោក វេជ្ជបណ្ឌិត បេអាត រិចស្ទ័រ៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប






