Trump បញ្ជាឲ្យពង្រឹងអំណាចនុយក្លេអ៊ែរ
បរទេស៖ លោក Donald Trump បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ជាបន្តបន្ទាប់ ជំរុញវិស័យនុយក្លេអ៊ែរ របស់សហរដ្ឋអាមេរិក។
មេដឹកនាំ វ័យ៧៨ឆ្នាំរូបនេះ បានប្រាប់អ្នកយកព័ត៌មាន ពេលកំពុងស៊ីញ៉េ លើបទបញ្ជាចំនួន៤ កាលពីថ្ងៃសុក្រថា «យើងកំពុងចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដ៏អស្ចារ្យ ដែលពិតជានឹងធ្វើឱ្យយើង ក្លាយជាអំណាចពិតប្រាកដ នៅក្នុងឧស្សាហកម្មនេះ»។
លោក Trump បាននិយាយទៀតថា បទបញ្ជា ផ្តោតលើម៉ាស៊ីនរ៉េអាក់ទ័រ ខ្នាតតូច និងទំនើប ដែលត្រូវបានចាត់ទុកថា ជាឧស្សាហកម្មអនាគត។ ប៉ុន្តែ ប្រធានាធិបតី រូបនេះ ក៏បាននិយាយដែរថា រដ្ឋបាលរបស់លោក ក៏គាំទ្រ ការសាងសង់រោងចក្រធំៗដែរ។ លោក Trump អះអាងថា «យើងក៏កំពុងនិយាយអំពីរោងចក្រធំ ផងដែរ..ធំណាស់ ធំជាងគេ…យើងនឹងសង់រោងចក្រ ទាំងនេះ»។
បើតាមកាសែត cnbc បានឲ្យដឹងថា បទបញ្ជាប្រតិបត្តិមួយ តម្រូវឱ្យគណៈកម្មការ សម្រេចលើអាជ្ញាប័ណ្ណម៉ាស៊ីនរ៉េអាក់ទ័រ ក្នុងរយៈពេល១៨ខែ ហើយបើកផ្លូវឱ្យ ក្រសួងថាមពល និង ក្រសួងការពារជាតិ សាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ នៅលើដីសហព័ន្ធ៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត