កម្ពុជា នឹងធ្វើម្ចាស់ផ្ទះរៀបចំវេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 ផ្លាស់ប្តូរបទពិសោធន៍សហគ្រិនភាពក្នុងស្រុក និងការទាក់ទាញអ្នកវិនិយោគនៅក្រៅប្រទេស

(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ និងសមាគមទេសចរណ៍អាស៊ីប៉ាស៊ីភិច នៅកម្ពុជា ព្រមទាំងដៃគូសហការ នឹងរៀបចំវេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 ផ្លាស់ប្តូរបទពិសោធន៍សហគ្រិនភាពក្នុងស្រុក និងការទាក់ទាញអ្នកវិនិយោគនៅក្រៅប្រទេស រយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនានេះ នៅសណ្ឋាគារសុខារាជធានីភ្នំពេញ ដែលមានសហគ្រិនជាតិ អន្តរជាតិចូលរួមប្រមាណជិត ២៥០ក្រុមហ៊ុន ។

លោកបណ្ឌិត ធួន ស៊ីណាន ប្រធានសមាគមទីភ្នាក់ទេសចរណ៍អាស៊ីប៉ាស៊ីភិច ប្រចាំនៅកម្ពុជា ថ្លែងប្រាប់បណ្តាអ្នកសារព័ត៌មានថ្ងៃទី២៤ ខែឧសភានេះថា វេទិកាជំនួបវិនិយោគកម្ពុជា CIM 2025 ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនេះ មកដល់ពេលនេះ មានក្រុមហ៊ុនវិនិយោគទុននៅក្រៅប្រទេសបានចុះឈ្មោះបានប្រមាណ ៩០ក្រុមហ៊ុន និងក្រុមហ៊ុនក្នុងស្រុកចំនួន ១៥០ក្រុមហ៊ុន នឹងចូលរួមដើម្បីស្វែងរកឱកាសភ្ជាប់ដៃគូអាជីវកម្ម បង្កើតឱកាសការងារ ជាពិសេសការជំរុញកំណើនអាជីវកម្ម និងការងារក្នុងវិស័យទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ ថ្លែងថា បច្ចុប្បន្ន ក្រសួងទេសចរណ៍មានគម្រោងអាជីវកម្ម ដែលមានសក្តានុពលជាច្រើន នៅក្នុងវិស័យទេសចរណ៍ ហើយតាមរយៈ វេទិកាជំនួបវិយោគកម្ពុជា ២០២៥នេះ បណ្តាក្រុមហ៊ុននានានឹងពង្រីកអាជីវកម្ម ពង្រីកការវិយោគទុន ជាពិសេសការទទួលបានការបណ្តាក់ទុនវិយោគថ្មីៗមកពីក្រៅប្រទេសច្រើនថែមទៀត អនុវត្តគម្រោងអាជីវកម្មអភិវឌ្ឍន៍វិស័យទេសចរណ៍នៅកម្ពុជា។

ឯកឧត្តម នី ផល្លី បន្តថា ចាប់ពីឆ្នាំ២០២៤ រហូតដល់ឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិយោគក្នុងវិស័យទេសចរណ៍ប្រមាណ ២០០០លានដុល្លាអាមេរិច ក្នុងនោះ មានគម្រោងវិនិយោគទំហំទឹកប្រាក់ប្រមាណ ១០០០លានដុល្លារអាមេរិច បាននិងកំពុងដំណើរការដូចជា សាងសង់រមណីយដ្ឋានទេសចរណ៍ សណ្ឋាគារ និងអាជីវកម្មនានាទៀតសម្រាប់គាំទ្រវិស័យទេសចរណ៍ ជាពិសេសគោលដៅទេសចរណ៍នៅខេត្តព្រះសីហនុ ៕

ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner