សមាជរដ្ឋសភា និងព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា

(ភ្នំពេញ)៖ សមាជរដ្ឋសភា និងព្រឹទ្ធសភា នឹងប្រព្រឹត្តទៅនៅថ្ងៃទី២ និងទី៣ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ដែលមានរបៀបវារៈចំនួនបី ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅវិមានព្រឹទ្ធសភា ដោយមានវត្តមានចូលរួមពីសម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភា និងជាអនុប្រធានគណៈកម្មាធិការសមាជរដ្ឋសភានិងព្រឹទ្ធសភា, ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា, ឯកឧត្តម ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា, ឯកឧត្តម វង សូត អនុប្រធានទី២ រដ្ឋសភា ជាសមាជិកគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា ព្រមទាំងវត្តមានចូលរួមពីជំនួយការគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភាផងដែរ ។

កិច្ចប្រជុំគណៈកម្មាធិការសមាជរដ្ឋសភា និងព្រឹទ្ធសភា បានដំណើរតាមរបៀបវារៈ និងបានសម្រេចលទ្ធផល ដូចខាងក្រោម៖

១-បានអនុម័តលើសំណើសុំបញ្ចូលក្នុងរបៀបវារៈប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភា នូវ៖ ១.១-ប្រធានបទអំពីប្រព័ន្ធគាំពារសង្គម ។ ១.២-ប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ ។ ១.៣-ប្រធានបទអំពីវិស័យកសិកម្ម ។

សំឡេងអនុម័តរបៀបវារៈនេះ មានចំនួន ៥សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភា និងព្រឹទ្ធសភា ទាំងមូល ។

២-បានអនុម័តនូវសមាសភាពលេខាធិការអង្គប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា ចំនួន ៤រូប មាន៖ ១-ឯកឧត្តម ឃុត ចាន់ដារ៉ា, ២-ឯកឧត្តម សេង ញ៉ក់, ៣-ឯកឧត្តម ម៉ាន់ ឈឿន និង ៤-ឯកឧត្តម ឈើយ ចាន់ណា ។

សំឡេងអនុម័តរបៀបវារៈនេះ មានចំនួន ៥សំឡេង នៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល ។

៣-បានអនុម័ត សេចក្តីព្រាងរបៀបវារៈទី១ ទី២ ទី៣ និងកាលបរិច្ឆេទប្រជុំសមាជរដ្ឋសភា និងព្រឹទ្ធសភា នៅថ្ងៃទី២និងទី៣ ខែមិថុនា ឆ្នាំ២០២៥ ខាងមុខនៅវិមានរដ្ឋសភា ដែលមានរបៀបវារៈចំនួនបី មាន៖

របៀបវារៈទី១-ការពិភាក្សា និងអនុម័តប្រធានបទអំពីប្រព័ន្ធគាំពារសង្គម។

របៀបវារៈទី២-ការពិភាក្សា និងអនុម័តប្រធានបទអំពីសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

របៀបវារៈទី៣-ការពិភាក្សា និងអនុម័តប្រធានបទអំពីវិស័យកសិកម្ម។

សំឡេងអនុម័តរបៀបវារៈនេះ មានចំនួន ៥សំឡេងនៃចំនួនសមាជិកគណៈកម្មាធិការ សមាជរដ្ឋសភា និងព្រឹទ្ធសភាទាំងមូល ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner