រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើការសិក្សាបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងកំពុងមានការប្រកួតប្រជែងខ្ពស់

(ភ្នំពេញ)៖ មន្ត្រីជាន់ខ្ពស់ក្រសួងអប់រំ បានថ្លែងថា រាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ខ្លាំងលើការសិក្សាបណ្តុះបណ្តាលជំនាញ ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងជាការចូលរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ។

ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតវិទ្យាស្ថានខេមអេដ ដែលបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញគណនេយ្យ និងហិរញ្ញវត្ថុ (BA+CAT) សរុបចំនួន ២១៥នាក់ និងកម្មវិធី CAT ០៣នាក់ នៅរសៀលថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានគូសបញ្ចាក់ថា ការសិក្សាបណ្តុះជំនាញ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ដើម្បីឆ្លើយតបទៅនឹងទីផ្សារការងារ និងកំពុងមានការប្រកួតប្រជែងខ្ពស់ ជាពិសេសការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល បច្ចេកវិទ្យាទំនើប ក៏ដូចបច្ចេកវិទ្យារូបវ័ន្តផ្សេងៗ ។

ឯកឧត្តមបណ្ឌិត បន្តថា ជុំវិញវិស័យបច្ចេកវិទ្យានេះ មកដល់បច្ចុប្បន្ន ការកើនឡើងនៃស្មាតហ្វូន ប្រព័ន្ធផ្សព្វផ្សាយសង្គម អ្នកមានឥទ្ធិពល និងចលនាឌីជីថល បានធ្វើឱ្យយុជនបានក្លាយជាផ្នែកនៃជំនាន់ឌីជីថល ដំបូងគេពិតប្រាកដ ហើយនៅក្នុងឆ្នាំ២០២៥ គឺមានការអប់រំ ភ្ជាប់ទំនាក់ទំនង និងត្រៀមខ្លួនជាស្រេចដើម្បីបង្កើតអនាគត។

ឯកឧត្តមបណ្ឌិត បន្ថែមថា ជុំវិញការរៀនសូត្រនេះ ចំពោះអ្នកសិក្សា គឺមិនចាំបាច់មានចំលើយទាំងអស់ ដើម្បីឈានទៅជំហានដំបូងនោះទេ ដោយគ្រាន់តែចាប់ផ្តើមកន្លែង ដែលអ្នកនៅជាមួយអ្វីដែលអ្នកមាន ។

ជាមួយគ្នានេះ លោក នូវ រតនា នាយកការិយាល័យតំណាង ACCA ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ជុំវិញ ACCA នេះ ក្នុងនាមលោកជានាយកតំណាងឱ្យ ៧ការិយាល័យ និងត្រូវ ៧ប្រទេសនៅក្នុងអាស៊ាន ដែលបច្ចុប្បន្ន បានកំពុងធ្វើការយ៉ាងជិតស្និតជាមួយបណ្តាការិយាល័យផ្សេងៗប្រមាណ ១១៧ការិយាល័យនៅទូទាំងសកលលោក ក្នុងនោះសម្រាប់កម្ពុជា, ជុំវិញការសិក្សាជំនាញឃើញថា កម្ពុជា បានអនុវត្តស្តង់ដារគណនេយ្យអន្តរជាតិ ដោយបានប្រើប្រាស់ស្តង់ដារអន្តរជាតិនេះជាយូរណាស់មកហើយ ពោលគឺកម្ពុជា បានកំពុងដើរទន្ទឹមប្រទេសអភិវឌ្ឍផ្សេងៗផងដែរ, ជាក់ស្តែងជំនាញគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ កម្ពុជា កំពុងមានភាពលេចធ្លោ ក្នុងការបង្កើតធនធានមនុស្សប្រកបដោយសក្តានុពល សម្រាប់វិស័យការងារ ដើម្បីចូលរួមចំណែកការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមកម្ពុជា ឱ្យកាន់តែរីកចម្រើន ។

លោក ខេស៊ី បាណេត នាយកខេមអេដ ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងឱ្យដឹងដែរថា ជុំវិញការសិក្សាជំនាញនេះ កន្លងមក ខេមអេដ គឺជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គាំទ្រដល់ការបណ្តុះបណ្តាលមុខជំនាញមួយចំនួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាពិសេស ខេមអេដ បានសហការជួយក្រុមប្រឹក្សាជាតិគណនេយ្យ (បច្ចុប្បន្នជានិយ័តករ គណនេយ្យ និងសវនកម្ម) ដើម្បីជំរុញបណ្តុះបណ្តាលស្តង់ដារគណនេយ្យ និងស្តង់ដារសវនកម្មអន្តរជាតិ ដែលបានកំពុងអនុវត្តនៅកម្ពុជា ។

លោកបន្តថា ក្រោមការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល យើងទទួលបានប្រយោជន៍ជាច្រើនសម្រាប់សេដ្ឋកិច្ចកម្ពុជា ដូចជា៖ ការចូលរួមក្នុងវិស័យការងារ, ការទាក់ទាញវិនិយោគឱ្យចូលមកប្រទេសកម្ពុជា តាមរយៈការផ្តល់នូវមូលដ្ឋានហិរញ្ញវត្ថុដែលមានគុណភាព និងតម្លាភាព និងរៀបចំដោយស្តង់ដារដោយទំនុកចិត្ត។ ការធានានូវព័ត៌មានហិរញ្ញវត្ថុ និងការរាយការណ៍ហិរញ្ញវត្ថុ គឺជាមូលដ្ឋាននៃការទាក់ទាញអ្នកវិនិយោគឱ្យមក បណ្តាក់ទុននៅក្នុងប្រទេសកម្ពុជា ៕

អត្ថបទ៖ វណ្ណលុក
រូបភាព៖ វ៉េង លីមហួត

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner