កម្ពុជា-ម៉ាឡេស៊ី វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃទំនាក់ទំនងប្រទេសទាំងពីរ
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៊ី ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ក្នុងឱកាសនៃជំនួប, សម្ដេចបវរធិបតី បានអបអរសាទរ និងកោតសរសើរចំពោះការរៀបចំយ៉ាងល្អប្រសើរនូវកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រមទាំងបានថ្លែងអំណរគុណចំពោះការបដិសណ្ឋារកិច្ច និងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ សម្ដេចធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា។ ជាមួយគ្នានេះ សម្ដេចធិបតី បានសម្ដែងការគាំទ្រចំពោះការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីនៅឆ្នាំ២០២៥ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានការវិវត្តរីកចម្រើនជាបន្តបន្ទាប់។
ជាការឆ្លើយតប, ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា អ៉ីប្រាហ៊ីម បានថ្លែងអំណរគុណចំពោះសម្ដេចបវរធិបតីដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកំពុងប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី នាពេលនេះ និងបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនងល្អប្រសើររវាងប្រទេសទាំងពីរ។
ថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាអំពីការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដូចជា វិស័យថាមពល និងហាឡាល់ ដោយថ្នាក់ដឹកនាំទាំងពីរបានលើកទឹកចិត្តដល់ក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា-ម៉ាឡេស៊ី បន្តពិភាក្សាគ្នា ឱ្យបានស៊ីជម្រៅបន្ថែមទៀត៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត


