កិច្ចសហប្រតិបត្តិការ រដ្ឋសភាកម្ពុជា និង ថៃ បានពង្រឹងពង្រីកជាលំដាប់ ឆ្លើយតបតម្រូវការនិងផលប្រយោជន៍របស់ប្រជាពលរដ្ឋទាំងសងខាង
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅរសៀលថ្ងៃទី២៦ ខែមិថុនាឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ (NATTACHA BOONCHAIINSAWAT)សមាជិករដ្ឋសភា នៃព្រះរាជាណាចក្រថៃ និងជាប្រធានក្រុមមិត្តភាពរដ្ឋសភាថៃ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា ក្នុងពេលដែល ឯកឧត្តម បានអញ្ជើញដឹកនាំគណៈប្រតិភូរដ្ឋសភាថៃ មកបំពេញទស្សនកិច្ចនៅកម្ពុជា។
នៅក្នុងឱកាសនេះ សម្តេចប្រធានរដ្ឋសភា បានសម្តែងក្តីសប្បាយរីករាយនិងស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ មកកាន់កម្ពុជា ដែលបានឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អរវាងរដ្ឋសភាប្រទេសទាំងពីរ ជាពិសេសបានឆ្លើយតបចំពោះ អនុស្សរណៈនៃការយោគយល់គ្នាដែលថ្នាក់ដឹកនាំរដ្ឋសភាប្រទេសទាំងពីរ បានចុះហត្ថលេខា កាលពីឆ្នាំកន្លងទៅ ។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យចំណងមិត្តភាពមិត្តភាពជាប្រពៃណីដែលមានតាំងពីយូរលង់ណាស់មកហើយ កិច្ចសហប្រតិបត្តិការ “ភាពជាដៃគូយុទ្ធសាស្ត្រ” ដែលថ្នាក់ដឹកនាំប្រទេសទាំងពីរបានសម្រេច កាន់តែរឹងមាំ ស៊ីជម្រៅឡើង ក្នុងការការពារនិងបម្រើផលប្រយោជន៍ពលរដ្ឋនៃប្រទេសទាំងពីរ។
សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រទេសភូមិផងរបងជាប់គ្នាទាំងពីរនេះ បានបម្រើដល់តម្រូវការ និងផលប្រយោជន៍ប្រជាជនទាំងសងខាង ហើយមានការចម្រើនជាលំដាប់ ទោះបីស្ថានការណ៍តំបន់និងពិភពលោកមានការប្រែប្រួលយ៉ាងណាក្តី។ ទាំងស្ថាប័ននីតិប្បញ្ញត្តិនិងនីតិប្រតិបត្តិ នៅគ្រប់កម្រិត បានផ្លាស់ប្តូរដំណើរទស្សនកិច្ចទៅវិញទៅមក ក៏ដូចជាបានជួបប្រាស្រ័យទាក់ទងជាប់ជាប្រចាំ ដោយបើកចំហរ ស្មោះត្រង់ និងជឿជាក់គ្នា។
ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បាននាំការផ្តាំផ្ញើនូវការសាកសួរសុខទុក្ខនិងក្តីនឹករលឹកពីសំណាក់ ឯកឧត្តមប្រធានរដ្ឋសភាថៃ ជូនសម្តេចប្រធានរដ្ឋសភាផងដែរ។
ឯកឧត្តម បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូក្រុមមិត្តភាពរដ្ឋសភាថៃនិងកម្ពុជា មកកាន់កម្ពុជានាឱកាសនេះ ក្នុងគោលបំណងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅឡើង។
នៅក្នុងកិច្ចកាពារ និង ស្វែងរកផលប្រយោជន៍ជូនពលរដ្ឋទំាងសងខាង សម្តេចប្រធានរដ្ឋសភានិង ឯកឧត្តម ណាតាឆា ប៊ុនឆៃអ៊ីនសាវ៉ាត់ បានផ្លាស់ប្តូរយោបល់គ្នានៅក្នុងការជំរុញវិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច អប់រំ ទេសចរណ៍ ជាដើម។ ថៃជាប្រទេសមួយដែលឈរនៅក្នុងលេខរៀងទី៥ក្នុងចំណោមប្រទេស ដែលបានវិនិយោគនៅកម្ពុជា។ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានប្តេជ្ញាចិត្ត ក្នុងការជំរុញទំហំពាណិជ្ជកម្មប្រទេសទាំងពីរឱ្យឈានដល់ទំហំ១៥ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៧ខាងមុខនេះ។ ចំណែកវិស័យទេសចរណ៍វិញ រដ្ឋសភាប្រទេសទាំងពីរ បានគាំទ្រចំពោះគំនិតផ្តួចផ្តើម “ប្រាំមួយប្រទេស ទិសដៅតែមួយ បន្ថែមលើគំនិតផ្តួចផ្តើម “ព្រះរាជាណាចក្រពីរ គោលដៅតែមួយ ក្នុងបំណងលើកកម្ពស់វិស័យទេសចរណ៍សម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូល ឆ្ពោះទៅរកការរីកចម្រើនរួមគ្នា ៕



ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ