លោក Macron និងស្ត្រីទី១ចេញពីវៀតណាម ទៅឥណ្ឌូនេស៊ី
បរទេស ៖ ប្រធានាធិបតីបារាំង លោក Macron និង ភរិយា បានចាកចេញពីប្រទេសវៀតណាម កាលពីថ្ងៃអង្គារ បន្តដំណើរ ទៅកាន់ប្រទេសឥណ្ឌូនេស៊ី។
លោក Emmanuel Macron និង ស្ត្រីទីមួយ Brigitte Macron បានចាកចេញពីទីក្រុងហាណូយ ដើម្បីឆ្ពោះទៅកាន់ប្រទេសឥណ្ឌូនេស៊ី ដែលជាចំណតទីពីរ ក្នុងដំណើរទស្សនកិច្ច នៅអាស៊ីអាគ្នេយ៍ រយៈពេល៦ថ្ងៃ ដែលរួមមាន ទាំងប្រទេសសិង្ហបុរី ផងដែរ។
សម្រាប់ទស្សនកិច្ច របស់មេដឹកនាំបារាំង នៅវៀតណាម ក្រៅពីរឿងសេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ក៏មានការចាប់អារម្មណ៍ខ្លាំង លើស្ត្រីទី១ ដែលត្រូវបានឃើញថា ហាក់ឈ្លោះគ្នាជាមួយលោក Macron នៅលើយន្តហោះ តែ លោកបានច្រានចោលវិញថា មិនបានឈ្លោះប្រកែកគ្នា បើទោះបីជាមានវីដេអូ បែកធ្លាយស្ត្រីទី១ យកដៃរុញមកលើរូបលោក ក៏ដោយ។
ជាការកត់សម្គាល់ ក្រុមហ៊ុនអាកាសចរណ៍វៀតណាម Vietjet Air បាននិយាយថា ខ្លួននឹងទិញយន្តហោះបារាំង Airbus A330-900 ចំនួន២០គ្រឿង អំឡុងដំណើរទស្សនកិច្ចរបស់លោក Macron៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
