អង្គការសិទ្ធិកុមារចំនួន៥ នៅកម្ពុជា បើកវគ្គបណ្តុះបណ្តាល​ដល់អ្នក​សារព័ត៌មានកម្ពុជា ស្តីពីការរក្សាសុវត្ថិភាព និងការរាយការណ៍អំពី​កុមារ

អត្ថបទដោយ៖
ឈឹម សុផល

ភ្នំពេញ៖អង្គការក្រៅរដ្ឋាភិបាលចំនួន៥ ដែលធ្វើសកម្មភាពគាំពារ​សិទ្ធិកុមារ ដើម្បីលុបបំបាត់នូវបញ្ហាប្រឈម​នឹងអំពើ​កេងប្រវ័ញ្ច បង្កើនក្រមសីលធម៌ ការការពារកុមារនៅកម្ពុជា បានរៀបចំ​សិក្ខាសាលា​មួយដល់អ្នកសារព័ត៌មានស្តីពី៖ ការរក្សាសុវត្ថិភាពកុមារ និងមនុស្សពេញវ័យក្នុងវិស័យសារព័ត៌មាន ។ អង្គការទាំង ៥ ដែលបានរៀបចំវគ្គ​បណ្តុះបណ្តាល​នេះ រួមមាន អង្គការឃែរកម្ពុជា, អង្គការភ្លែនអន្តរជាតិកម្ពុជា, អង្គការ Save the Children, អង្គការយូនីសេហ្វ និងអង្គការទស្សនៈពិភពលោកអន្តរជាតិប្រចាំ​នៅកម្ពុជា ។

សកម្មភាពនេះ បានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរួម ដើម្បីលើក​កម្ពស់​វិជ្ជាជីវៈសារព័ត៌មាន ប្រកបដោយសីលធម៌ និងដោះ​ស្រាយនូវកង្វល់​អំពីការរាយការណ៍ ដែលអាចបង្កគ្រោះថ្នាក់ដល់កុមារ ។ គោលបំណង​នៃ វគ្គបណ្ដុះបណ្ដាលដែល​បាន​ធ្វើឡើងកាលពីពេល​ថ្មីៗនេះគឺធ្វើឡើង​ដើម្បីការការពារកុមារ និងសហគមន៍ដែលងាយរងគ្រោះ​កាន់តែប្រសើរ​ឡើង។ ការរៀបចំសិក្ខាសាលានេះ ក៏ដើម្បីពង្រឹងសមត្ថភាព និងការ​យល់​ដឹងរបស់អ្នកសារមាន ដែលជាការចាំបាច់ណាស់ ដើម្បីធានាលើ​ការផ្សាយព័ត៌មានរបស់ប្រព័ន្ធផ្សព្វផ្សាយដែលអាចរក្សារាល់សេចក្តីថ្លៃថ្នូរ និងសិទ្ធិរបស់កុមារ និងមនុស្ស​ពេញវ័យ ។ កត្តាទាំងនេះ មាន​សារៈសំខាន់ ជាពិសេសនៅក្នុងរឿងទាក់ទងនឹងអំពើហិង្សា ការកេង​ប្រវ័ញ្ច ជម្លោះផ្នែកច្បាប់ ឬការរើសអើងសង្គម ។ តាមរយៈការផ្តល់​អាទិភាពលើឧត្តមប្រយោជន៍របស់កុមារក្នុងការរាយការណ៍របស់អ្នកសារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយអាចការពារការបង្កគ្រោះថ្នាក់​ដោយ​អចេតនា និងបណ្តុះនូវទំនុកចិត្ត ការយល់ចិត្ត និងការយល់ដឹង​កាន់តែ​ច្រើននៅក្នុងសង្គម។

ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួង​ព័ត៌មាន ដែលបានអញ្ជើញចូលរួមក្នុងឱកាសនោះ​បានថ្លែងថា «តួនាទីរបស់អ្នកសារព័ត៌មាន គឺមានសារៈសំខាន់ណាស់ ការទទួល​ខុសត្រូវខ្ពស់ ជាអ្នកផ្គត់ផ្គង់​សេចក្តីត្រូវការ​របស់ពលរដ្ឋគ្រប់ស្រទាប់​វណ្ណៈទៅលើចំណេះដឹងព័ត៌មាន ពុទ្ធិ និងការអប់រំ ។ អ្នកសារព័ត៌មាន​ដែលមានទំនួលខុសត្រូវ និងមានក្រមសីលធម៌វិជ្ជាជីវៈត្រឹមត្រូវ គឺបាន​ចូលរួមលើកកម្ពស់ ការពារសិទ្ធិ កិត្តិយស សេចក្តីថ្លៃថ្នូរ អនាគត​របស់​កុមារ យុវវ័យ ។ សារព័ត៌មានប្រកបដោយក្រមសីលធម៌ ត្រូវចូលរួម​ធានាសុខុមាលភាពរបស់កុមារ និងជួយការពារកុមារពីការ​រងផល​ប៉ះពាល់នានាជាយថាហេតុ »។

លោក យី គឹមថាន នាយកស្តីទីអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា បាន​មាន​ប្រសាសន៍ថា៖ «ប្រព័ន្ធផ្សព្វផ្សាយ​ដើរតួនាទី​យ៉ាងសំខាន់ក្នុងការ​ង្កើនការយល់ដឹង និងការយល់ឃើញរបស់សាធារណៈជន។ នេះជា​ការទទួលខុសត្រូវដ៏ធំ។ នៅពេលរាយការណ៍អំពីកុមារ យុវជន និង​បុគ្គលដែលងាយរងគ្រោះ យើងត្រូវធានាថា សុវត្ថិភាព សេចក្តីថ្លៃថ្នូរ និងសិទ្ធិ​របស់ពួកគេមិនត្រូវបានប៉ះពាល់ ឬបំពាន ឡើយ។ ឧត្តម​ប្រយោជន៍របស់ពួកគេ មិនគួរត្រឹមតែជាការ​ពិចារណា​ប៉ុណ្ណោះទេ ប៉ុន្តែត្រូវតែជាគោលការណ៍ណែនាំក្នុងគ្រប់រឿងរ៉ាវទាំងអស់ ដើម្បីផ្លាស់​ប្តូរការយល់ឃើញ និងជំរុញឱ្យមានការផ្លាស់ប្តូរ»។
យោងតាមសេចក្តីប្រកាសព័ត៌មានរួមនៃអង្គការទាំង៥ បានបញ្ជាក់ថា តាមរយៈវគ្គបណ្តុះបណ្តាល អ្នកសារព័ត៌មាន​ទទួលបានចំណេះដឹងពី​ស្ថានភាពនៃការការពារកុមារនៅកម្ពុជា និងភាពខុសគ្នារវាងការរក្សា​សុវត្ថិភាពកុមារ និងការការពារ​កុមារគោលការណ៍សំខាន់ៗនៃការរក្សា​សុវត្ថិភាពកុមារ ក្រមសីលធម៌នៃការរក្សាសុវត្ថិភាពកុមារ ក្នុងវិស័យទំ នាក់ទំនង យេនឌ័រ និងបរិយាបន្ន យន្តការរាយការណ៍នៅទូទាំង​អង្គការ​អន្តរជាតិផ្សេងៗគ្នា និងអង្គការសហប្រជាជាតិ ការនិយាយ​អំពី​ប្រធានបទស្មុគស្មាញ និងរសើបដែលពាក់ព័ន្ធនឹងកុមារ ក្មេងជំទង់ និងសហគមន៍ដែលងាយរងគ្រោះផងដែរ ៕

អត្ថបទ ៖ គង់ សុផុល
រូបភាព ៖ អ្នករៀបចំកម្មវិធី

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner