ទីប្រឹក្សាក្រសួងសេដ្ឋកិច្ច កោតសរសើរសវនករ និងគណនេយ្យករកម្ពុជា ដែលបានចូលរួមជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យបានរីកចម្រើន
(ភ្នំពេញ)៖ លោក ខេស៊ី បាណេត នាយកខេមអេដ និងជាទីប្រឹក្សាក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកោតសរសើរទៅដល់សវនករ និងគណនេយ្យករកម្ពុជា ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការជួយជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យបានរីកចម្រើន តាមរយៈការផ្តល់សេវាកម្មដ៏មានគុណភាព ប្រកបដោយទំនុកចិត្ត ។
លោក ខេស៊ី បាណេត បានថ្លែងដូច្នេះក្នុងវេទិកា ស្ដីពី អាជីពការងារក្នុងវិស័យគណនេយ្យ សវនកម្ម និងពន្ធដារ ឆ្នាំ២០២៥ នៅវិទ្យាស្ថានខេមអេដ ក្រោមការចូលរួមពីវាគ្មិនកិត្តិយស និងអ្នកជំនាញជាច្រើនមកពីស្ថាប័នជាតិ និងអន្តរជាតិ កាលពីចុងសប្ដាហ៍នេះ ។
ថ្លែងនាឱកាសនោះ លោក ខេស៊ី បាណេត បានកោតសរសើរទៅដល់សវនករ និងគណនេយ្យករកម្ពុជាដែលបានចូលរួមយ៉ាងសកម្មក្នុងការជួយជម្រុញសេដ្ឋកិច្ចកម្ពុជាឲ្យបានរីកចម្រើន តាមរយៈការផ្តល់សេវាកម្មដ៏មានគុណភាព ប្រកបដោយទំនុកចិត្ត និងការកាត់បន្ថយហានិភ័យ ដែលជាកត្ដាសំខាន់ក្នុងការទាក់ទាញការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ បន្ថែមពីលើនេះ វាគ្មិនមកពីក្រុមហ៊ុន Baker Tilly, Lochan and Co និង BDO Cambodia ក៏បានចែករំលែកពីបទពិសោធន៍ និងអាជីពការងារក្នុងវិស័យគណនេយ្យ និងសវនកម្មដល់អ្នកចូលរួមប្រមាណ ២៥០ នាក់ ។
លោកនាយកខេមអេដ បានបន្តថា វេទិកានេះ ក៏មានការចូលរួមជាកិតិ្តយសពីឯកឧត្តមបណ្ឌិត អេង រតនា ប្រធាននាយកដ្ឋានគ្រប់គ្រងអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារ ក្នុងការចែករំលែកពីសារៈសំខាន់ នៃវិស័យពន្ធដារ ក្នុងការធានាស្ថិរភាព និងគាំទ្រកំណើនសេដ្ឋកិច្ច រួមទាំងបច្ចុប្បន្នភាពនៃពន្ធដារក្នុងប្រទេសកម្ពុជា។ បន្ថែមពីនេះទៅទៀត វេទិកានេះ ក៏មានការចែករំលែកពីវាគ្មិនមកពីក្រុមហ៊ុន EYCambodia និង DFDL Cambodia ពីចំណេះដឹង និងជំនាញទន់ ដើម្បីត្រៀមខ្លួនរួចជាស្រេចក្នុងការចាប់យកអាជីពការងារក្នុងវិស័យពន្ធដារ ។
ក្រៅពីវេទិកានេះ វិទ្យាស្ថានខេមអេដ បានរៀបចំដាក់បង្ហាញស្តង់ពិព័រណ៌ការងារពីបណ្តាស្ថាប័នជាតិ និងអន្តរជាតិជាច្រើនក្រុមហ៊ុន ដើម្បីផ្តល់ឱកាសការងារដល់និស្សិត និងអ្នកចូលរួមទាំងអស់ផងដែរ ។
សូមជម្រាបថា វិស័យគណនេយ្យ និងសវនកម្ម បានដើរតួនាទីយ៉ាងសំខាន់ និងជារបៀបវារៈអាទិភាពនៅក្នុងកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច និង ហិរញ្ញវត្ថុក្នុងគោលដៅជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាតាមរយៈការធានាបាននូវគណ នេយ្យភាព តម្លាភាព និងអភិបាលកិច្ចល្អ ។
ច្បាប់ស្តីពី គណនេយ្យ និងសវនកម្ម ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៤១៦/០០៦ ចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៦។ ច្បាប់នេះ មានគោលបំណងគ្រប់គ្រងវិស័យគណនេយ្យ និងសវនកម្មប្រកបដោយប្រសិទ្ធភាព តម្លាភាព និងភាពជឿទុកចិត្តបាននៅព្រះរាជាណាចក្រកម្ពុជា។ ចំណែកគោលដៅនៃច្បាប់នេះ គឺកំណត់ក្របខណ្ឌគតិយុត្តសម្រាប់ការគ្រប់គ្រងគណនេយ្យ និងសវនកម្ម, ពង្រឹង និងអភិវឌ្ឍសមត្ថភាពស្ថាប័នសម្រាប់ការគ្រប់គ្រងគណនេយ្យ និងសវនកម្ម, ពង្រឹង និងអភិវឌ្ឍសមត្ថភាពជំនាញ និងការទទួលខុសត្រូវរបស់គណនេយ្យករ និងសវករ, កំណត់ក្របខណ្ឌគតិយុត្តសម្រាប់ការដាក់ឲ្យអនុវត្តស្តង់ដាគណនេយ្យ ស្តង់ដាសវនកម្ម ក្រមសីលធម៌វិជ្ជាជីវ:របស់គណនេយ្យករ និងសវនករដែលជាគោលការណ៍ត្រូវមានសង្គតិភាព ជាមួយនឹងស្តង់ដាអន្តរជាតិ និងត្រូវឆ្លុះបញ្ចាំងសេចក្ដីត្រូវការជាក់ស្ដែងរបស់កម្ពុជា, ដាក់ចេញនូវយន្តការវិធាន និងនីតិវិធីសម្រាប់ការតាមដានការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តច្បាប់នេះ និងការពង្រឹង និងអភិវឌ្ឍន៍វិជ្ជាជីវ:គណនេយ្យ និងសវនកម្មនៅកម្ពុជា ៕
អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត











