លោក Trump ថា ខែលមីស៊ីល Golden Dome មិនគិតថ្លៃសម្រាប់កាណាដា បើព្រមក្លាយជារដ្ឋរបស់អាមេរិក

លោកប្រធានាធិបតី Donald Trump បាននិយាយថា ប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome តម្លៃប្រមាណ១៧៥ពាន់លានដុល្លារ នឹងមិនគិតថ្លៃ សម្រាប់កាណាដា បើប្រទេសមួយនេះ ព្រមក្លាយជារដ្ឋទី៥១ របស់សហរដ្ឋអាមេរិក។

ការលើកឡើងរបស់លោក Trump បានធ្វើឡើង ក្រោយពេលដែលប្រទេសកាណាដា បានបង្ហាញពីចំណាប់អារម្មណ៍ ចង់ចូលរួម ក្នុងគម្រោងផលិត Golden Dome ដែលត្រូវបានប្រកាសដោយលោក ត្រាំ កាលពីសប្ដាហ៍មុន។

តាមរយៈការបង្ហោះ នៅលើបណ្ដាញទំនាក់ទំនងសង្គម Truth Social កាលពីថ្ងៃអង្គារ លោក Trump បានអះអាងតបតបវិញថា មិនគិតថ្លៃទេសម្រាប់កាណាដា ប្រសិបើព្រមក្លាយជារដ្ឋ របស់អាមេរិក។ ប៉ុន្តែ លោក Trump អះអាងថា នៅមានផ្លូវផ្សេងមួយទៀត សម្រាប់កាណាដា នោះគឺត្រូវបង់ប្រាក់ ៦១ពាន់លានដុល្លារ ដើម្បីក្លាយជាផ្នែកមួយ នៃប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome។

មិនមានការឆ្លើយតបភ្លាមៗ ពីភាគីកាណាដា ចំពោះការអះអាងរបស់លោក Trump នៅឡើយទេ។ យ៉ាងណាមិញ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney ធ្លាប់បញ្ជាក់ថា ប្រទេសរបស់លោកបានជួបពិភាក្សា «ម្រិតខ្ពស់» លើបញ្ហានេះ ជាមួយអាមេរិក។ ប៉ុន្តែ លោកតែងតែបដិសេធដាច់ខាត់ចំពោះការបង់បាត់អធិបតេយ្យណាមួយរបស់ខ្លួន តាំងពីលោក Trump ប្រកាសចង់បានកាណាដា ជារដ្ឋទី៥១ របស់អាមេរិកមក។

បណ្តាសមាជិកណាតូ, កាណាដា និងសហរដ្ឋអាមេរិក គឺជាដៃគូក្នុងវិស័យការពារទ្វីប តាមរយៈបញ្ជាការការពារដែនអាកាសអាមេរិកខាងជើង ហៅកាត់ NORAD។ ប៉ុន្តែគម្រោងនេះ ហាក់ដូចជាពិបាក នឹងរួមគ្នា ក្រោយពេលមានភាពតានតឹងជាមួយ លោក Trump រាប់បញ្ជូលទាំងសង្គ្រាមពន្ធ។

លោក Donald Trump ធ្លាប់បានប្រកាសថា គម្រោងផលិតប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome អាចនឹងត្រូវដាក់ឱ្យធ្វើប្រតិបត្តិការ នៅឆ្នាំ២០២៩ ប៉ុន្តែ អ្នកវិភាគថា ជារឿងនយោបាយច្រើនជាង ហើយការចំណាយ អាចច្រើនជាងការគិតរបស់លោក Trump៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner