ឯកឧត្តម ស៊ុន មេសា ៖ ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់ដែលមិនអាចអត់ឱនបាន

(ភ្នំពេញ)៖ “ការជ្រើសរើស និងការបញ្ជូនពលករទៅប្រទេសកូរ៉េពីក្រុមហ៊ុនឯកជន សាលាបណ្តុះបណ្តាល និងសមាគមណាមួយ គឺជារឿងខុសច្បាប់” នេះគឺជាការគូសបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈឯកឧត្តម ស៊ុន មេសា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានសង្កត់ធ្ងន់ថា៖ “គ្មានសាលាបណ្ដុះបណ្ដាល គ្មានសមាគម និងគ្មានក្រុមហ៊ុនឯកជនណាមួយដែលមានសិទ្ធិក្នុងការជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការងារនៅសាធារណរដ្ឋកូរ៉េនោះទេ ព្រោះការបញ្ជូនពលករ គឺយន្តការរវាងរដ្ឋាភិបាលកម្ពុជានិងរដ្ឋាភិបាលកូរ៉េតែប៉ុណ្ណោះ។ ការលួចលាក់បញ្ជូន និងជ្រើសរើសណាមួយស្មើបទល្មើស ការជួញមនុស្សដែលជាបទល្មើសព្រហ្មទណ្ឌ។

បន្ថែមលើកនេះ ឯកឧត្តមបានសង្កត់ធ្ងន់ថា សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ សមាគម និងក្រុមហ៊ុនឯកជនមានមានសិទ្ធិបើកវគ្គបណ្ដុះបណ្ដាលជំនាញភាសា ឬជំនាញផ្សេងៗបាន ប៉ុន្ដែគ្មានសិទ្ធិក្នុងការជ្រើសរើស ឬបញ្ជូនពលករទេ។
ជាមួយគ្នានេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នឹងចាត់តាមវិធានការច្បាប់ ចំពោះក្រុមហ៊ុនឯកជន សាលាបណ្ដុះបណ្ដាលភាសាកូរ៉េ និងមេខ្យល់ទាំងឡាយណាដែលបានប្រព្រឹត្តគគ្លើនផ្ទុយពីការណែនាំនេះ។

បន្ថែមពីនេះ អ្នកនាំពាក្យក្រសួងការងារ បានអំពាវនាវដល់យុវជន និងសាធារណជនដែលមានបំណងទៅធ្វើការនៅប្រទេសកូរ៉េ សូមទាក់ទងក្រសួងការងារតែមួយគត់ដែលជាអ្នកមានសិទ្ធិជ្រើសរើស និងបញ្ជូនស្របច្បាប់។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលជាសេនាធិការជូនរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេច មហាបវរធិបតី ជាប្រមុខការពារដាច់ខាតចំពោះពលរដ្ឋរបស់ខ្លួននិងការពារប្រយោជន៍ជូនពលរដ្ឋរបស់ខ្លួនដោយមិនលើកលែងចំពោះជនទាំងឡាយណាដែលគគ្លើនចំពោះបម្រាមនោះឡើយ ហើយជាមួយគ្នានេះសូមពលរដ្ឋជួយរាយការណ៍មកក្រសួងនូវពេលបានឃើញ និងបានដឹងអំពីការផ្សព្វផ្សាយការជ្រើសរើស និងបញ្ជូនពីវិស័យឯកជនដើម្បីអាចចាត់វិធានការផ្លូវច្បាប់ទាន់ពេលវេលា៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner