ស្ងាត់ៗ Putin ជួបភរិយាលោក Abe អតីតនាយករដ្ឋមន្រី្តជប៉ុន

បរទេស ៖ ស្តាត់ៗ មេដឹកនាំរុស្ស៊ី លោក ពូទីន បានជួបជាមួយលោកស្រី Akie Abe ជាភរិយារបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Shinzo Abe ដែលត្រូវបានគេធ្វើឃាត កាលពីឆ្នាំ២០២២។

អំឡុងជំនួប ជាមួយស្ត្រីមេម៉ាយ រូបនេះ លោក ពូទីន សរសើរពីកិច្ចខិតខំប្រឹងប្រែង របស់ លោក Shinzo Abe សម្រាប់ការស្តារឡើងវិញពេញលេញ នៃកិច្ចសហប្រតិបត្តិការ រុស្ស៊ី-ជប៉ុន។

លោក ពូទីន និយាយថា «ការចងចាំពីរូបគាត់ និងសកម្មភាពរបស់គាត់ ការងាររបស់គាត់ ត្រូវបានកត់ត្រាទុក ជានិច្ច ក្នុងប្រទេសរុស្ស៊ី»។

បើតាមទីភ្នាក់ងារព័ត៌មានរុស្ស៊ី TASS បានចុះផ្សាយបន្ថែមថា លោក ពូទីន ចាត់ទុក លោក Shinzo Abe គឺជារដ្ឋបុរស និងជាមនុស្សស្មោះត្រង់ ហើយការធ្វើឃាត លើរូបលោក ជាការតក់ស្លុតសម្រាប់មនុស្សគ្រប់គ្នា។ យ៉ាងណាមិញ គេពុំមានការចុះផ្សាយ អំពីការលើកឡើង របស់លោកស្រី នោះទេ ហើយមូលហេតុអ្វី បានជាមានជំនួបបែបនេះ ក៏មិនត្រូវបានចុះផ្សាយ នោះឡើយ។

ប៉ុន្តែ បើតាមទីភ្នាក់ងារព័ត៌មាន រយធឺ ក្នុងជំនួបនោះ លោកស្រី Akie Abe បានប្រាប់លោក Putin ថា ស្វាមីរបស់លោកស្រី ចង់ជួបលោក Putin សូម្បីតែបន្ទាប់ពី ការចាប់ផ្តើមនៃជម្លោះ នៅអ៊ុយក្រែន ប៉ុន្តែ ជាអកុសល លោក Abe ត្រូវបានគេធ្វើឃាត។

រីឯកាសែតជប៉ុន NHK បានចុះផ្សាយបន្ថែមថា អំឡុងជំនួប លោកស្រី បានពណ៌នាប្រទេសរុស្ស៊ីថាជា “អ្នកជិតខាងដ៏សំខាន់ សម្រាប់ប្រទេសជប៉ុន” ហើយបាននិយាយថា លោកស្រីនឹងសប្បាយចិត្ត ប្រសិនបើការផ្លាស់ប្តូរវប្បធម៌ រវាងប្រទេសទាំងពីរ អភិវឌ្ឍន៍ ទៅមុខ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner