អាមេរិកឈប់លក់ម៉ាស៊ីនឱ្យយន្តហោះ C919 របស់ចិន

វ៉ាស៊ីនតោន ៖ រដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចបិទខ្ទប់ការលក់ ឬនាំចេញបច្ចេកវិទ្យាសំខាន់របស់អាមេរិកទៅកាន់ប្រទេសចិន ក្នុងនោះរួមមានទាំងផលិតផលដែលទាក់ទងនឹងគ្រឿងម៉ាស៊ីនយន្តហោះទៅឱ្យក្រុមហ៊ុនផលិតយន្តហោះ COMAC របស់ចិន នេះបើតាមសេចក្តីរាយការណ៍របស់កាសែត New York Times។

ក្រសួងពាណិជ្ជកម្មអាមេរិកបានផ្អាកអាជ្ញាប័ណ្ណមួយចំនួន ដែលអនុញ្ញាតឱ្យក្រុមហ៊ុនអាមេរិកលក់ផលិតផល និងបច្ចេកវិទ្យាទៅឱ្យក្រុមហ៊ុន COMAC ដើម្បីអភិវឌ្ឍយន្តហោះ C919 របស់ខ្លួន នេះបើយោងតាមមនុស្សម្នាក់ដែលដឹងពីបញ្ហានេះ។

ផ្អែកតាមប្រភពពីមនុស្សពីរនាក់ដែលដឹងពីបញ្ហានេះ កាសែត New York Times បានរាយការណ៍ថា វិធានការនេះ ធ្វើឡើងដើម្បីជាការសងសឹកចំពោះការរឹតបន្តឹងកាលពីពេលថ្មីៗនេះរបស់ប្រទេសចិន លើការនាំចេញសារធាតុរ៉ែកម្ររបស់ផែនដីទៅកាន់សហរដ្ឋអាមេរិក ដែលបានបង្កការរំខានដល់ខ្សែសង្វាក់ផលិតកម្មសំខាន់ៗដូចគ្នា។

ការរឹតត្បិតនេះ ត្រូវបានរំពឹងថា នឹងបង្កការរំខានដល់ខ្សែសង្វាក់ផលិតកម្មរបស់ COMAC ជាក្រុមហ៊ុនរដ្ឋចិនអភិវឌ្ឍយន្តហោះពាណិជ្ជកម្ម ដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Airbus និង Boeing ដោយសារតែចិននៅមិនទាន់អាចផលិតម៉ាស៊ីនបានខ្លួនឯង និងនៅតែពឹងផ្អែកលើការនាំចូលគ្រឿងបរិក្ខាពីបរទេស។

យន្តហោះ C919 របស់ COMAC សមាសធាតុជាច្រើនរបស់វាត្រូវបាននាំចូលពីក្រៅប្រទេស រួមទាំងម៉ាស៊ីន LEAP-1C ផលិតដោយការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន GE Aerospace និង Safran របស់ប្រទេសបារាំង។

យន្តហោះ C919 ដែលត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយនឹងយន្តហោះម៉ូដែលតួតូចចង្អៀត ដែលលក់ដាច់បំផុតរបស់ Airbus និង Boeing បានចូលបម្រើសេវាកម្មអាកាសចរណ៍នៅក្នុងប្រទេសចិនកាលពីឆ្នាំ២០២៣ បន្ទាប់ពីទទួលបានវិញ្ញាបនប័ត្រសុវត្ថិភាពក្នុងស្រុកក្នុងឆ្នាំ២០២២។

ហើយបច្ចុប្បន្ន យន្តហោះចិន C919 ចំនួន១៨គ្រឿងកំពុងធ្វើប្រតិបត្តិការដឹកអ្នកដំណើរ ដោយវាហោះហើរតែនៅក្នុងប្រទេសចិនដីគោក និងហុងកុងប៉ុណ្ណោះ នេះបើយោងតាមប្រភពពីក្រុមហ៊ុនផ្តល់ព័ត៌មានផ្នែកអាកាសចរណ៍ ch-aviation៕

ប្រភព ៖ New York Times ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner