ចិនបញ្ចូនយន្តហោះទម្លាក់គ្រាប់បែកទៅសមុទ្រចិនខាងត្បូង
ប៉េកាំង ៖ ប្រទេសចិនថ្មីៗនេះបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ដែលទើបធ្វើទំនើបកម្មចំនួនពីរគ្រឿងទៅកាន់ដែនកោះជម្លោះនៅសមុទ្រចិនខាងត្បូង ចំពេលដែលនាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ USS Nimitz របស់អាមេរិក វិលត្រឡប់ទៅកាន់សមុទ្រចិនខាងត្បូងវិញ កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។
តាមរយៈរូបភាពពីផ្កាយរណបដែលផ្តល់ដោយវិទ្យាស្ថាន Maxar Technologies សារព័ត៌មាន The Telegraph បានចេញផ្សាយថា យន្តហោះទម្លាក់គ្រាប់បែក H-6 របស់ចិនពីរគ្រឿង ត្រូវបានប្រទះឃើញនៅអាកាសយានដ្ឋានលើកោះ Woody កាលថ្ងៃទី១៩ ខែឧសភា។ កោះនេះក្លាយជាផ្នែកមួយនៃប្រជុំកោះ Paracel ស្ថិតនៅភាគអាគ្នេយ៍នៃកោះ Hainan ភាគខាងត្បូងប្រទេសចិន។
វត្តមានរបស់យន្តហោះទម្លាក់គ្រាប់បែកដ៏ទំនើបរបស់ចិននេះ កើតឡើងស្របពេលដែលយោធាអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនកំពុងធ្វើប្រតិបត្តិការនៅសមុទ្រចិនខាងត្បូង ដើម្បីរក្សានូវអ្វីដែលពួកគេហៅថា សេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើដែនទឹកមានជម្លោះ។
ប្រទេសចិនបានអះអាងសិទ្ធិអធិបតេយ្យភាពភាគច្រើននៅសមុទ្រចិនខាងត្បូង ជាមួយនឹងការទាមទារដែលត្រួតស៊ីគ្នាជាមួយប្រទេសជិតខាងជាច្រើន។ ជាងនេះទៅទៀត ទីក្រុងប៉េកាំងបានពង្រឹងវត្តមានក្នុងតំបន់ផងដែរ តាមរយៈការសាងសង់មូលដ្ឋានយោធា រួមទាំងផ្លូវរត់យន្តហោះ និងមូលដ្ឋានផ្ទុកយន្តហោះ នៅលើប្រជុំកោះ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួន៕
ប្រភព ៖ The Telegraph ប្រែសម្រួល ៖ ឈឹម ទីណា