អ្នកនាំពាក្យគណបក្សប្រជាជន៖ ក្រុមការងារព្រឹទ្ធសភាកំពុងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា

ភ្នំពេញ៖ ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ឥឡូវនេះក្រុមការងារព្រឹទ្ធសភាកំពុងសិក្សាស្រាវជ្រាវពាក់ព័ន្ធនឹងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា ហើយក៏ចង់បានយោបល់បន្ថែមពីបណ្ដាគណបក្សដែលជាសម្ព័ន្ធភាពផងដែរ ដើម្បីធ្វើយ៉ាងណាឈានទៅដល់ការធ្វើវិសោធនកម្មនៃច្បាប់នេះ ក្នុងគោលដៅពង្រីក និងបង្កើននូវគណនេយ្យភាពរវាងសមាជិកព្រឹទ្ធសភាជាមួយនឹងអង្គបោះឆ្នោតឱ្យមានការទទួលខុសត្រូវកាន់តែខ្ពស់ចំពោះប្រជាពលរដ្ឋ។ ការបញ្ជាក់នេះ នៅក្នុងសន្និសីទសារព័ត៌មានអំពីលទ្ធផល នៃកិច្ចប្រជុំជាមួយប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ នៅវិមាន ៧ មករា។

អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានបន្តថា ក្នុងជំនួបជាមួយគណបក្សនយោបាយក្នុងសម្ព័ន្ធភាពសម្ដេចតេជោ ហ៊ុន សែន បានប្រាប់ទៅមេដឹកនាំគណបក្សនយោបាយនានាថា គណបក្សប្រជាជនកម្ពុជា កំពុងតែសិក្សាស្រាវជ្រាវក្នុងការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតព្រឹទ្ធសភា នៅពេលខាងមុខ។

សូមជម្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា អញ្ជើញដឹកនាំកិច្ចប្រជុំប្រធានគណបក្សនយោបាយក្នុងសម្ព័ន្ធភាព នៅវិមាន ៧ មករា នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥។ គណបក្សនយោបាយក្នុងសម្ព័ន្ធភាពមានចំនួន ២៩គណបក្ស រួមមាន៖ ១- គណបក្សប្រជាជនកម្ពុជា ២- គណបក្សខ្មែររួបរួមជាតិ ៣- គណបក្សពន្លឺថ្មី ៤- គណបក្សសញ្ជាតិកម្ពុជា ៥- គណបក្សខ្មែរក្រោក ៦- គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ៧- គណបក្សរស្មីខេមរា ៨- គណបក្សខ្មែរសាធារណរដ្ឋ ៩- គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច ១០- គណបក្សយុវជនកម្ពុជា ១១- គណបក្សធម្មាធិបតេយ្យ ១២- គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា ១៣- គណបក្សខ្មែរតែមួយ ១៤- គណបក្សឯកភាពជាតិខ្មែរ ១៥- គណបក្សកម្លាំងប្រជាធិបតេយ្យ ១៦- គណបក្សកសិករ ១៧- គណបក្សស្ត្រីដើម្បីស្ត្រី ១៨- គណបក្សបំណងពលរដ្ឋ ១៩- គណបក្សខ្មែរអភិរក្ស ២០- គណបក្សមហាសាមគ្គីជាតិខ្មែរ ២១- គណបក្សនគរប្រជាធិបតេយ្យ ២២- គណបក្សអំណាចប្រជាពលរដ្ឋ ២៣- គណបក្សខ្មែរអង្គរ
២៤- គណបក្សកម្ពុជាសេរីឯករាជ្យប្រជាធិបតេយ្យ ២៥- គណបក្សម៉ូលីណាកា ២៦- គណបក្សចលនាប្រជាធិបតេយ្យ ២៧- គណបក្សអភិវឌ្ឍន៍កម្ពុជា ២៨- គណបក្សមហានគរ និងទី២៩- គណបក្សសន្តិភាពជាតិ៕
ដោយ៖ពលជ័យ

ads banner