ក្រសួងមហាផ្ទៃច្រានចោលការចោទប្រកាន់លើថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃប្រកាសបានប្រកាសច្រានចោលចំពោះការចោទប្រកាន់នានាពីក្រុមប្រឆាំងជ្រលនិយមនៅក្រៅប្រទេសថា ឯកឧត្ដមបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងថ្នាក់ដឹកនាំក្រសួងមួយចំនួនមានការជាប់ពាក់ព័ន្ធ ទៅនឹងសកម្មភាពឆបោកតាមអនឡាញ និងការជួញដូរមនុស្សនៅកម្ពុជា ខណៈការចោទប្រកាន់នេះ គ្មានមូលដ្ឋានច្បាស់លាស់ពីតថភាពពិតនៅកម្ពុជា។
អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោកបណ្ឌិត ទូច សុឃៈ បានសង្កត់ធ្ងន់ចំពោះការមួលបង្កាច់មកលើថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដោយចោទថា មានទំនាក់ទំនង ជាមួយក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ដើម្បីឱ្យករណីឆបោក ឬក៏ករណីជួញដូរមនុស្សនេះ កើតឡើងជាដើម ក្នុងនាមក្រសួងមហាផ្ទៃ សូមទាត់ចោល ច្រានចោលគឺមិនអាចទទួលយកបានជាដាច់ខាត។ ការបដិសេធនេះ នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសឆបោកតាមអនឡាញ និងអំពើជួញដូរមនុស្ស នាព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥៕
ដោយ៖ពលជ័យ
