សហព័ន្ធកីឡាលើកទម្ងន់កម្ពុជាបានផលចំណេញច្រើនពីការចូលរួមមហាសន្និបាត-បោះឆ្នោតរបស់ IWF
ភ្នំពេញ-លោក ផេង ប៉ាក អនុប្រធានសហព័ន្ធកីឡាលើកទម្ងន់កម្ពុជា តំណាងឯកឧត្តម វ៉ាត់ ចំរើន ប្រធានសហព័ន្ធបានចូលរួមមហាសន្និបាតវិសាមញ្ញ និងបោះឆ្នោះរបស់សហព័ន្ធកីឡាលើកទម្ងន់ពិភពលោក (IWF) នៅទីក្រុងរីយ៉ាត ប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលទើបបញ្ចប់ថ្មីៗនេះ។

ថ្លែងប្រាប់អ្នកយកព័ត៍មានទទូរទស្សន៍អប្សរា នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥នេះ លោក ផេង ប៉ាក បានឱ្យដឹងថា ក្នុងការចូលរួមមហាសន្និបាតវិសាមញ និងបោះឆ្នោតរបស់ IWF ក្នុងនាមជាសមាជិកពេញសិទ្ធិ សហព័ន្ធលើកទម្ងន់កម្ពុជាទទួលបានផលប្រយោជន៍សំខាន់ៗមួយចំនួន ដូចជា យើងបានបោះឆ្នោតជូនដល់ប្រធានសហព័ន្ធអាណត្តិថ្មី ដែលគាត់សន្យាជួយដល់វិស័យកីឡាលើកទម្ងន់ក្នុងតំបន់ង និងកម្ពុជា ក្នុងគោលដៅអភិវឌ្ឍមន្ត្រីបច្ចេកទេស គ្រូបង្វឹក ដើម្បីឱ្យសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាមានលទ្ធភាពអភិវឌ្ឍកាន់តែប្រសើរ និងឆាប់ឱ្យទាន់ប្រទេសជិតខាង។ បេក្ខភាពមកពីប្រទេសដែលយើងបោះឆ្នោតគាំទ្រ គាត់បានសន្យារៀបចំការប្រកួតនៅក្នុងតំបន់ និងរៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសឱ្យបណ្តាប្រទេសក្នុងតំបន់កាន់តែរីកចម្រើនស្មើមុខស្មើមាត់ទៅនឹងប្រទេសជឿនលឿនសម្រាប់ប្រភេទកីឡាអូឡាំពិកមួយនេះ។

បន្ថែមពីលើនេះ លោក ផេង ប៉ាក លើកឡើងថា កម្ពុជាទទួលបានបន្តសុពលភាពមន្ត្រីបច្ចេកទេសអន្តរជាតិរបស់កម្ពុជា ៤រូប គឺ១-លោក ផេង ប៉ាក, លោកស្រី ពៅ គាថា, លោកស្រី គង់ កែវមរតក និងលោកស្រី ហាន ស្រីនិច។ ក្នុងឱកាសនេះ កម្ពុជាក៏បានផ្សព្វផ្សាយពីសៀវភៅឯកសារប្រវត្តិសាស្ត្រនៃការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជូនដល់ភ្ញៀវអន្តរជាតិ ហើយពួកគាត់បានកោតសរសើរចំពោះកម្ពុជាផងដែរ។
បន្ទាប់ពីមហាសន្និបាត បោះឆ្នោត របស់ IWF គឺសហព័ន្ធកីឡាលើកទម្ងន់កម្ពុជាមានឱកាសពង្រឹងបច្ចេកទេស និងបណ្តុះបណ្តាល រួមនឹងការគាំទ្រចេញទៅប្រកួតនានា នៅក្រៅប្រទេស តាមរយៈសហព័ន្ធលើកទម្ងន់ពិភពលោក និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា ថែមទៀតនោះ សហព័ន្ធកីឡាលើកទម្ងន់កម្ពុជានឹងបបន្តកិច្ចខិតខំអភិវឌ្ឍអត្តពលិកឱ្យដណ្តើមមេដាយពីការប្រកួតអន្តរជាតិយកមកជូនជាតិមាតុភូមិជាក់ជាមិនខាន។
គួរបញ្ជាក់ថា លោក Mohammed Hasan Jalood ត្រូវបានបោះឆ្នោះឡើងវិញជាប់ជាប្រធានសហព័ន្ធកីឡាលើកទម្ងន់ពិភពលោក IWF សម្រាប់អាណត្តិ ឆ្នាំ២០២៥-២០២៩ បន្ទាប់ពីទទួលបានការបោះឆ្នោតគាំទ្រ ១៦៨សំឡេង ក្នុងចំណោម ១៧៤ សំឡេង ខណៈ ប្រធានសហព័ន្ធកីឡាលើកទម្ងន់អាមេរិក លោកស្រី Papandrea ជាប់ជាអនុប្រធានទី១ IWF រីឯ លោក Quinoes Gonzalez José Carlos ជាប់ឆ្នោតជាអគ្គលេខាធិការ IWF ក្រោយទទួលបាន ១៦០ សំឡេង ក្នុង ១៧៣ សំឡេង។ ក្នុងមហាសន្និបាតនេះ ក៏មានការបោះឆ្នោតជ្រើសរើសសមាសភាពប្រតិបត្តិ IWF ចំនួន ១២រូបផងដែរ៕







ដោយ ជាវ ចន្ធូ