ឯកឧត្តមអភិបាលខេត្តបាត់ដំបង ទទួលជួបពិភាក្សាការងារជាមួយ​គណៈប្រតិភូស្នងការដ្ឋាននគរបាលខេត្តច័ន្ទបុរី ប្រទេសថៃ

បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានដឹកនាំ​ប្រតិភូ​ស្នង​ការដ្ឋាននគរបាលខេត្តបាត់ដំបង​និង​ប្រតិភូ​ស្នងការដ្ឋាន​នគរបាល​ខេត្តប៉ៃលិន ទទួលការសម្តែងគួរសមនិងពិភាក្សា​ការងារ​ជាមួយគណៈ​ប្រតិភូស្នងការដ្ឋាន​នគរបាល​ខេត្តច័ន្ទបុរី ប្រទេសថៃ​ដឹកនាំ​ដោយឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ ស្នងការនៃ ស្នងការដ្ឋាននគរ​បាលខេត្តច័ន្ទបុរី។

ក្នុងជំនួបដែលធ្វើឡើងនាសាលាខេត្តបាត់ដំបងនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សុខ លូ បានមាន​ប្រសាសន៍ថា ប្រទេសកម្ពុជា និងថៃជាប្រទេសភូមិផងរបងជិតខាងជាមួយគ្នា ។ជាក់ស្ដែង​ខេត្តបាត់​ដំបងមានព្រំប្រទល់​ជាប់ប្រទេសថៃប្រវែងជាង១៤០គីឡូម៉ែត្រ។ ដូចនេះ​ការរក្សាមិត្តភាព ជាបងប្អូនពិតជាមានសារៈសំខាន់ ដើម្បីបង្ក​លក្ខណៈ​ឱ្យប្រជាពលរដ្ឋនៃប្រទេសទាំងពីរ បានរស់នៅប្រកប​ដោយសុខសុវត្ថិភាព សប្បាយរីករាយ។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានបន្ថែមថា ដោយកត់សម្គាល់ពី​ទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ រវាងខេត្តបាត់​ដំបងនិងខេត្ត​ប៉ៃលិន ជាមួយខេត្តច័ន្ទបុរី គឺមានភាពល្អប្រសើរ។ភាពល្អប្រសើរ​កើតចេញពីភាគីនៃខេត្តទាំង២​មានការ​ជួបជជែកពិភាក្សាគ្នាយ៉ាងល្អ។ការជួបគ្នាកាន់តែច្រើន នឹងធ្វើឱ្យយើងកាន់តែមានភាពស្និទស្នាល​កាន់តែខ្លាំង ។

លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ បានយល់ស្របដូចការ​លើក​ឡើង​របស់ឯកឧត្តមអភិបាលខេត្តបាត់ដំបង។លោក​ឧត្តម​សេនីយ៍បានបញ្ជាក់ថា កងកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាល​ខេត្តច័ន្ទបុរី បានត្រៀមខ្លួនក្នុង​ការបង្កើន​កិច្ចសហប្រតិបត្តិការល្អ ក្នុងកិច្ចការពារសន្តិសុខ សណ្ដាប់ធ្នាប់រវាងខេត្តភូមិផងជិតខាង​គ្នា​និងប្រជាជន​ទាំងពីរ និងរីករាយ​ស្វាគមន៍ដើម្បីបម្រើប្រជាពលរដ្ឋ​ខេត្តបាត់ដំបង ដែលទៅកម្សាន្ត ឬទៅពិនិត្យព្យាបាលជំងឺនៅខេត្ត​ច័ន្ទបុរី ប្រកបដោយ​សុខសុវត្ថិភាព ។
ក្នុងឱកាសនេះដែរ លោកឧត្តមសេនីយ៍ត្រី ផាឌុងសាក់ រក្សាសុខ បានបង្ហាញពីគម្រោងមួយថា ភាគីថៃគ្រោងទទួល​បន្ទុកនឹងរៀបចំឱ្យ​មានវគ្គបណ្ដុះបណ្ដាលមួយ “ស្ដីពីការបង្រ្កាបអំពើឆបោកតាម​អនឡាញ” ដោយមានការ​ចូលរួមនិង​ដើម្បីទទួលបាននូវការចែក​រំលែកនិងបទពិសោធន៍ពីគ្នាទៅវិញទៅមក រវាងកម្លាំងនគរបាលខេត្ត​ច័ន្ទបុរី និង កម្លាំងនគរ​បាលរបស់ខេត្តបាត់ដំបង៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

ads banner