លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អញ្ជើញបើកយុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»របស់មូលនិធិគន្ធបុប្ផាកម្ពុជា

(ភ្នំពេញ)៖ យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» របស់មូលនិធិគន្ធបុប្ផា បានបើកយុទ្ធការជាផ្លូវនៅថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៥នេះហើយ ក្រោមអធិបតីភាពលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ជាកម្ពុជា និងដោយមានការអញ្ជើញចូលរួមពីមន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា សប្បុរសជន ជាច្រើនរូប។

ឯកឧត្តម អគ្គបណ្ឌិសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល នៃមូលនិធិគន្ធបុប្ផាកម្ពុជា បានថ្លែងថា យុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់»របស់មូលនិធិគន្ធបុប្ផាកម្ពុជា គឺជាការបំផុសស្មារតីខ្មែរជួយខ្មែរ តាមរយៈការគៀរគរបរិច្ចាកថវិកា ពីប្រភពស្របច្បាប់នានា ព្រមទាំងដើម្បីផ្សារភ្ជាប់និងបង្កើតនូវសកម្មភាពកាន់តែ ជិតស្និតជាមួយក្រុមហ៊ុន សហគ្រាស ដែលបានចុះអនុស្សារណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា ក៏ដូចជាក្រសួងស្ថាប័ន និងរដ្ឋបាលរាជធានីខេត្ត ដែលបានបង្កើតមូលនិធិទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរួមគ្នាផ្តល់ក្តីសង្ឃឹម និងភាពញញឹម ដល់ទារក និងកុមារ ដែលជាអនាគតដ៏ភ្លឺស្វាងរបស់ប្រទេសជាតិ ។ មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានធ្វើឡើងដើម្បីឆ្លើយតប ទៅនិងតម្រូវការថវិកា ចំនួនប្រមាណ ១២លានដុល្លារអាមេរិកក្នុង១ខែ ឬ១២ម៉ឺនដុល្លារអាមេរិកក្នុង១ថ្ងៃ ឬប្រមាណ៤៣លានដុល្លារអាមេរិកក្នុង១ឆ្នាំ ដើម្បីរក្សានិរន្តរភាពក្នុងកិច្ចដំណើរការគន្ធបុប្ផាកម្ពុជាទាំងនៅភ្នំពេញ និងនៅខេត្តសៀមរាប ក្នុងការផ្តល់សេវាពិនិត្យ និងព្យាបាលទារក និងកុមារ ព្រមទាំងផ្តល់សេវាសម្ភពដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងពុំមានការរើសអើង។

ជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ជាកម្ពុជា មានប្រសាសន៍ថា យុទ្ធនាការ«១ម៉ឺនរៀល១ម៉ឺននាក់» ធ្វើឡើងនៅថ្ងៃទី១ ខែមិថុនា ស្របពេលដែលទូទាំងសកលលោក អបអរទិវាកុមារអន្តរជាតិ ដើម្បីលើកកំពស់កិច្ចការពារ សុខុមាលភាពរបស់កុមារ គឺត្រូវជ្រើសរើសយកថ្ងៃនេះ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការគៀងគរ ធនធានសប្បុរសធម៌ ដើម្បីចូលរួមចំណែកទ្រទ្រង់កិច្ចដំណើររបស់មន្ទីរពេទ្យគន្ធបុប្ផា ជាគោលដៅអាទិភាពភាពរបស់យើង ដែលក្រុមគ្រួសារខ្មែរ ក៏ដូចជាកូនៗជាទីស្រលាញ់រាប់ម៉ឺន រាប់សែននាក់ទទួលបានការព្យាបាល និងជួយសង្រ្គោះឱ្យរួចចាកផុតពីជំងឺកាចសាហាវនានា។

លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត លើកឡើងថា«ក្នុងនាមជាម្តាមួយរូប ប្រាកដជាយល់ច្បាស់ណាស់ថា សុខភាពរបស់កូនៗគឺជាទ្រព្យសម្បត្តិដ៏មហាសាល ហើយមិនអាចកាត់ថ្លៃបាន ហើយគ្មានក្តីបារម្មណ៍ណាមួយ ស្មើរនិងក្តីបារម្មណ៍ដែលកូនៗរបស់យើងឈឺនោះទេ»។ លោកជំទាវបន្ថែមថា យើងគ្រប់គ្នាពិតជាយល់នូវអារម្មណ៍មួយនេះច្បាស់ណាស់ ក្នុងនាមជាឪពុកម្តាយ នៅពេលដែលកូនរបស់យើងឈឺ ការព្រួយបារម្មណ៍ ការលះបង់គ្រប់បែបយ៉ាង គឺធ្វើយ៉ាងណាឱ្យតែកូនបានជា ដោយខិតខំរកគ្រូពេទ្យ អ្នកជំនាញៗ ឱ្យតែកូនបានជា។

ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវបណ្ឌិត ក៏បានសំដែងនូវការថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ដែលបានចូលរួមបរិច្ចាកជួយមូលនិធិគន្ធបុប្ផាកម្ពុជា ជាពិសេសការចូលរួមបរិច្ចាកដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» កាលពីឆ្នាំ២០២៤កន្លងនេះ បានប្រមាណជាង៣លានដុល្លារ និងមានសប្បុរសជនចូលរួមប្រមាណ២៤ម៉ឺននាក់ ។ ការចូលរូមរបស់សប្បុរសជនគឺបានបង្ហាញឱ្យយើងឃើញយ៉ាងច្បាស់ពីស្មារតីសាមគ្គីភាពជាតិ ជាធ្លុងមួយ ឆ្លើយតបមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងការជួយសង្រ្គោះជីវិតទារក និងកុមារដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិយើង។ ជាមួយគ្នានេះដែរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ប្តេជ្ញាចិត្ត និងបន្តជ្រោមជ្រែងឱ្យអស់ពីលទ្ធភាព ដល់ការគាំទ្រដល់កិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផាបានយូរអង្វែងតរៀងទៅ។

គួរបញ្ចាក់ថា មន្ទីរពេទ្យគន្ធបុប្ផាបានចាប់ផ្តើមដំណើរការឡើងវិញនៅឆ្នាំ១៩៩២ ក្រោមការគ្រប់គ្រងរបស់ លោកវេជ្ជបណ្ឌិត បេអាត រិចស្ទ័រ (BEAT Richner) និងក្រោមការដឹកនាំរបស់ក្រសួង សុខាភិបាលកម្ពុជា។ គិតមកត្រឹមពេលនេះមន្ទីរពេទ្យគន្ធបុប្ផា បានដំណើរការរយៈពេល៣៣ឆ្នាំរួចមកហើយ ព្រមទាំងបានព្យាបាលនិងសង្រ្គោះកុមារកម្ពុជា រាប់មិនអស់ ។ នៅឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានផ្តូចផ្តើមបង្កើតមូលនិធិគន្ធបុប្ផាកម្ពុជា ដែលជាមូលនិធិផ្លូវការតែមួយគត់របស់កម្ពុជា ក្នុងគោលបំណងបំផុសបំផុលចលនាសប្បុរធម៌ គ្រប់មជ្ឈដ្ឋានរបស់យើងឱ្យចូលរួមចំណែក រក្សាបាននូវកេរ្ត៍ដំណែលដ៏វិសេសវិសាល របស់លោកវេជ្ជបណ្ឌិត បេអាត រិចស្ទ័រ បានបន្សល់មកដល់ពេលបច្ចុប្បន្ននេះ ៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner