ឯកឧត្តមហ៊ុន ម៉ានី ៖ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាង កម្ពុជា ថៃ
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃទី២មិថុនានេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី ក្រសួងមុខសាធារណ: និង ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចធិបតី នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបង្ហោះសំណេរយ៉ាងដូច្នេះថា ៖ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង ចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃ ដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្រ្តការពារខ្លួនក្នុងករណីចាំបាច់ និងសូមគាំទ្រផងដែរនូវប្រសាសន៍ដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលគាំទ្រឱ្យរាជរដ្ឋាភិបាលប្រទេសទាំងពីរនាំយកបញ្ហាព្រំដែនទៅដោះស្រាយនៅតុលាការអន្តរជាតិ ដោយមិនចាំបាច់ឱ្យកម្ពុជាប្តឹង។ នេះគឺជាចំណាត់ការប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយបានគិតគូរវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់ខ្ពស់។
ជាមួយគ្នានេះដែរ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងប្រទេស មេត្តារក្សាភាពស្ងៀមស្ងាត់ និងសូមបន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យជាតិ បូរណភាពទឹកដី ដោយព្យាយាមឱ្យអស់លទ្ធភាព មិនរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្រ្គាម តាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សារ។ យើងត្រូវការពារទឹកដីរបស់យើង ដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ ហើយយើងក៏នៅតែប្រកាន់ជំហរទន់ភ្លន់ ប៉ុន្តែមិនទន់ជ្រាយជាដាច់ខាត៕
ដោយ ៖ ជាវ ចន្ធូ


