អង្គសមាជព្រឹទ្ធសភា និងរដ្ឋសភា គាំទ្ររាជរដ្ឋាភិបាល នាំបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ)

(ភ្នំពេញ)៖ ថ្លែងនាព្រឹកថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្នុងសមាជរដ្ឋសភា-ព្រឹទ្ធសភា លើបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ សម្ដេចតេជោ ហ៊ុន សែន ដែលជាប្រធានសមាជព្រឹទ្ធសភា និងរដ្ឋសភា បានស្នើឱ្យអង្គសមាជទាំងមូលធ្វើសេចក្ដីថ្លែងការណ៍មួយក្នុងការគាំទ្ររដ្ឋាភិបាល នាំបញ្ហាព្រំដែនកម្ពុជា-ថៃ ទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) ។ ការស្នើរបស់សម្ដេចតេជោ ទទួលបានសំឡេងបោះឆ្នោតគាំទ្រដោយការលើកដៃពីអង្គសមាជលើចំនួន ១៨២សំឡេង នៃអង្គសមាជ ដែលមានគណបក្សនយោបាយចូលរួមចំនួន៣គណបក្ស គឺគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ និងគណបក្សហ្វ៊ុនស៊ីនប៉ិក រួមមាន តំណាងព្រះមហាក្សត្រ និងសជិកសភាផងដែរ ។

ជាមួយគ្នានេះដែរ សម្ដេចតេជោ ហ៊ុន សែន ក៏បានផ្តល់អនុសាសន៍ដល់រាជរដ្ឋាភិបាល ដាក់ពាក្យបណ្តឹងទៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីជំរុញឱ្យមានការប្រើប្រាស់ច្បាប់អន្តរជាតិ ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ជាការពិតណាស់ ការប្រើប្រាស់កម្លាំងយោធា ដើម្បីការពារខ្សែបន្ទាត់ព្រំដែន គឺជារឿងមួយដែលមិនអាចរំលងបាន និងត្រូវតែធ្វើឱ្យអស់លទ្ធភាព ប៉ុន្តែជាមួយគ្នានេះ យើងក៏មិនត្រូវភ្លេចដែរនូវយន្តការក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីចូលរួមដោះស្រាយលើបញ្ហាមួយនេះ ។

សម្ដេចតេជោ បានមានប្រសាសន៍ថា ខ្ញុំក៏សូមផ្ដល់អនុសាសន៍ចំពោះរាជរដ្ឋាភិបាលផងដែរ ក្នុងករណីមានជម្លោះប្រដាប់អាវុធកើតឡើង ដែលរឿងនេះកំពុងតែក្ដីនៅតុលាការ ឬយើងមិនទាន់ដាក់ពាក្យ សូមកុំភ្លេចក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ដូចដែលធ្លាប់បានធ្វើរួចមកហើយ ប្រសិនបើមានការបំពាន យើងវាយទប់នៅកន្លែងក្នុងផ្នែកយោធា ប៉ុន្តែការទូតត្រូវតែទម្លាយទ្វារក្រុមប្រឹក្សាសន្តិសុខ ដូចកាលពីឆ្នាំ២០១១។ សូមកុំភ្លេច UNSC ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ហើយខ្ញុំសង្ឃឹមថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ មុខតែនឹងជួយជំរុញលើកទឹកចិត្ត ឱ្យមានការដោះស្រាយតាមផ្លូវចរចា និងផ្លូវច្បាប់ ។

សម្ដេចប្រធានព្រឹទ្ធសភា បានបញ្ជាក់ថា កម្ពុជា អត់ចង់មានសង្រ្គាមអីទេ សង្រ្គាមវាលើសពីការគ្រប់គ្រាន់ហើយ សម្រាប់កម្ពុជា អត់មានបំណងប្រាថ្នាណាមួយ ដើម្បីយកទឹកដីនរណាទេ តែសូមរក្សាទឹកដីរបស់ខ្លួន ដែលបន្សល់ទុកដោយអណានិគមនិយមបារាំង ហើយបានបន្តដោយព្រះបិតាជាតិ ព្រះបរមរតនៈកោដ យើងអត់ចង់បានរបស់នរណាទេ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner