អភិបាលខេត្តបាត់ដំបងណែនាំដល់អាជ្ញាធរនិងមេឃុំត្រូវរឹតបន្តឹងការគ្រប់គ្រងដីចំណីផ្លូវ
បាត់ដំបង៖ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង បានណែនាំដល់អាជ្ញាធរភូមិ ឃុំ ស្រុក ត្រូវរៀបចំដាំដើមឈើតាមសងខាងផ្លូវដើម្បីលម្អ និងលើកកម្ពស់នូវសោភណភាពតាមដងផ្លូវ។បន្ថែមលើសពីនេះត្រូវរឹតបន្តឹងលើការគ្រប់គ្រងដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពដល់អ្នកធ្វើដំណើរ និងត្រូវម៉ឺងម៉ាត់ចៀសវាងកុំមានការសាងសង់សំណង់ នៅលើដីចំណីផ្លូវសាធារណៈ។

ឯកឧត្តម សុខ លូ ថ្លែងបែបនេះក្នុងឱកាសឯកឧត្តមបានអញ្ជើញបើកការដ្ឋានសាងសង់ផ្លូវបេតុងអាមេមួយខ្សែ ប្រវែងជាង៨០០ម៉ែត្រ ដែលជាគម្រោងមូលនិធិឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីចុងសប្ដាហ៍នេះ។ឯកឧត្តមអភិបាលខេត្តបន្តទៀតថា បច្ចុប្បន្នរាជរដ្ឋាភិបាលបានជួយដល់រដ្ឋបាលថ្នាក់ក្រោមជាតិឱ្យជំរុញការអភិវឌ្ឍនៅតាមមូលដ្ឋាន របស់ខ្លួន។ជាពិសេសការអភិវឌ្ឍ ផ្លូវថ្នល់ សាលារៀន សួនច្បារ និងការរៀបចំសណ្តាប់ធ្នាប់សាធារណៈដើម្បីសំដៅដល់ការបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសដដែលនេះ ឯកឧត្តមអភិបាលខេត្តបាត់ដំបងក៏បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យចូលរួមគោរពនិងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរួមគ្នាចូលរួមទប់ស្កាត់ ក៏ដូចជាកាត់បន្ថយចំនួនអ្នកស្លាប់ និងរបួសដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ឱ្យនៅកម្រិតទាប។ត្រូវបើកបរបង្កើននូវការប្រុងប្រយ័ត្ននិងមានការយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក៕
អត្ថបទ-រូបភាព៖ អ៊ុក សំអាន ប.ប

