សហភាពពលកម្មជាតិកម្ពុជា(NLC) តំណាងឱ្យនិយោជិត ៧ម៉ឺននាក់ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការដាក់ពាក្យបណ្តឹងជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិ ICJ

(ភ្នំពេញ)៖សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិត ៧ម៉ឺននាក់ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃនៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ(ICJ)ដើម្បីឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែនមួយនេះ។

ក្រោយការប្រកាសពីជំហរក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ភ្លាម លោក សំ សឿន ជាប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត ក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅដោះស្រាយនៅតុលាការអន្តរជាតិ ICJ។

លោក សំ សឿន បានលើកឡើងថា៖ “សូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតីហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទាក់ទងនឹងដំណោះស្រាយបញ្ហាព្រំដែនរវាងប្រទេសកម្ពុជា និងថៃដោយប្រើប្រាស់យន្តការទ្វេភាគី យន្តការច្បាប់អន្តរជាតិ និងយុទ្ធសាស្ត្រការពារខ្លួនក្នុងករណីចាំបាច់”។

សម្រាប់សហជីពរូបនេះ ការដាក់ចេញនូវចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃទៅតុលាការអន្តរជាតិ គឺជាចំណាត់ការដែលប្រកបដោយភាពចាស់ទុំខាងនយោបាយ នៃអ្នកដឹកនាំកម្ពុជា ដោយគិតបានវែងឆ្ងាយ និងរក្សានូវភាពអត់ធ្មត់។

ជាមួយគ្នានេះដែរ លោក សំ សឿន ក៏សូមអំពាវនាវដល់ប្រជាជនខ្មែរគ្រប់រូបឱ្យរក្សាភាពស្ងៀមស្ងាត់និង បន្តជឿទុកចិត្តលើរាជរដ្ឋាភិបាលក្នុងការការពារអធិបតីជាតិ បូរណភាពទឹកដី ដោយមិនត្រូវរុញច្រានប្រទេសឱ្យធ្លាក់ក្នុងជម្លោះប្រដាប់អាវុធ ឬសង្គ្រាមតាមពួកជ្រុលនិយម ដែលតែងតែបញ្ឆេះកំហឹងជាតិសាសន៍ និងអំពើហិង្សា ដោយយើងត្រូវការពារទឹកដីរបស់យើងដោយផ្អែកលើច្បាប់ និងការទទួលស្គាល់ជាអន្តរជាតិ។

គួរបញ្ជាក់ផងដែរថា ការលើកឡើងរបស់សហជីពដូច្នេះ គឺក្រោយពេលដែលសម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបង្ហាញជំហរក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃ នៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅដោះស្រាយនៅក្នុងតុលាការអន្តរជាតិ ICJ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner