គ្រឹះស្ថានបណ្តុះបណ្តាលបច្ចេកទេស នៃក្រសួងការងារ ប្រកាសគាំទ្រចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីដែលនាំយកបញ្ហាព្រំដែនជាមួយថៃទៅប្តឹងនៅ ICJ ដើម្បីឱ្យដាច់ស្រេច
(ភ្នំពេញ)៖ សាស្ត្រាចារ្យនៃសាលាបណ្តុះបណ្តាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ខែមិថុនា ឆ្នាំ២០២៥នេះ បានប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងការនាំយកបញ្ហាព្រំដែនកម្ពុជា-ថៃនៅក្នុងតំបន់ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច តាក្របី និងតំបន់មុំបីទៅកាន់តុលាការអន្តរជាតិ(ICJ) ដើម្បីឱ្យដាច់ស្រេចចំពោះជម្លោះព្រំដែនដែលកំពុងអូសបន្លាយមួយនេះ។

ភ្លាមៗក្រោយការប្រកាសជំហរពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ឯកឧត្តម យ៉ោក សុធី នាយកវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស បានអះអាងថា ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិក្នុងសំណុំរឿងព្រំដែនជាមួយប្រទេសថៃគឺជាយន្តការប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល។
ឯកឧត្តម យ៉ោក សុធី អះអាងថា៖ “ខ្ញុំសូមគាំទ្រនូវជំហរដោះស្រាយបញ្ហាព្រំដែនរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលប្រើប្រាស់យន្តការច្បាប់អន្តរជាតិជាគោលដើម្បីដោះស្រាយបញ្ចប់នូវបញ្ហាព្រំដែន។ ខ្ញុំសូមគាំទ្រទាំងស្រុង និងម៉ឺងម៉ាត់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចប្រមុខរាជរដ្ឋាភិបាល”។
ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ បានប្រកាសគាំទ្រដោយអះអាងថា ជំហរដ៏ម៉ឺងម៉ាត់របស់សម្តេចនាយករដ្ឋមន្ត្រីនាពេលនេះ គឺជារឿងត្រឹមត្រូវបំផុតព្រោះកម្ពុជាមិនចង់បានសង្គ្រាម ប៉ុន្តែក៏មិនអនុញ្ញាតឱ្យប្រទេសណាឃ្លានពានបានឡើយ។
ឯកឧត្តម តាន់ កុសល បញ្ជក់ថា៖ “សូមគាំទ្រចំពោះចំណាត់ការយ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលនឹងនាំយកបញ្ហាព្រំដែនខ្មែរ-ថៃក្នុងតំបន់ប្រាសាទតាមាន់ធំ តាក្របី និងតំបន់មុំបី ទៅកាន់តុលាការអន្តរជាតិ ICJ ដើម្បីឱ្យដាច់ស្រឡះជាមួយភាគីថៃ ហើយចំណាច់ការរបស់សម្តេចបង្ហាញពីការតាំងចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការការពារទឹកដីដែនអធិបតេយ្យភាពជាតិ ដោយមិនអនុញ្ញាតឱ្យភាគីណាមួយមករំលោភបំពានបានឡើយ”។
ជាមួយគ្នានេះ ឯកឧត្តម ជិន តារា នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ក៏បានបង្ហាញជំហរក្នុងការគាំទ្រយ៉ាងខ្លាំងខ្លាដែរចំពោះចំណាត់ការរបស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី។
ឯកឧត្តមបន្តថា៖ “ក្នុងនាមថ្នាក់ដឹកនាំ គណៈគ្រប់គ្រងបុគ្គលិក មន្ត្រីរាជការ លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សក្នុងវិទ្យាស្ថាន សូមគាំទ្រចំពោះប្រសាសន៍យ៉ាងម៉ឺងម៉ាត់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្តឹងទៅតុលាការអន្តរជាតិ ICJ ដើម្បីជម្រះឱ្យដាច់ស្រេច សម្រាប់អ្នកជំនាន់ក្រោយ”។
សម្រាប់នាយកវិទ្យាស្ថានរូបនេះ ការប្រើប្រាស់យន្តការច្បាប់អន្តរជាតិនេះ គឺដើម្បីកុំឱ្យពួកជ្រុលនិយមមួយក្តាប់តូច បង្កវិទ្ធង្សនាម្តងហើយម្តងទៀតនៅក្នុងទឹកដីកម្ពុជា ដែលធ្វើឱ្យប៉ះពាល់ដល់ព្រំដែនសន្តិភាពដែលកម្ពុជាបានកសាង។
សូមបញ្ជាក់ថា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥នេះ បានអះអាងជាថ្មីម្ដងទៀតថា រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដឹងទៅតុលាការយុត្តិធម៌អន្ដរជាតិ( ICJ) ដើម្បីរំលត់ និងបញ្ចប់បញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីកុំឲ្យប្រទេសទាំងពីរឈានដល់ការផ្ទុះអាវុធដាក់គ្នា និងធ្លាក់ចូលអន្ទាក់របស់ក្រុមជ្រុលនិយម បើទោះបីជាថៃមិនព្រមឡើងទៅតុលាការយ៉ាងណាក៏ដោយ៕
ដោយ ៖ ង៉ាន់ ទិត្យ
