សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាព ជីវភាព ការអប់រំ និងសេវាសង្គមនានាជូនពលរដ្ឋ

មានប្រសាសន៍ជម្រាបជូនសមាជរដ្ឋសភានិងព្រឹទ្ធសភា នាព្រឹកថ្ងៃទី២ ខែមិថុនាឆ្នាំ ២០២៥ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលគ្រប់ដំណាក់កាល តែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ ការស្តារជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដោយផ្តោតលើសន្តិសុខស្បៀង ការផ្តល់សេវាសុខាភិបាល ការអប់រំ និងសេវាសង្គម សាងសំណាញសុវត្ថិភាពសង្គម។ រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលជារាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ សម្រាប់ឆ្នាំ២០២៣-២០២៨ បានកំណត់យកការអភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម។

សម្តេចនាយករដ្ឋមន្រ្តី បានគូសបញ្ជាល់ថា ដើម្បីកសាងប្រព័ន្ធគាំពារសង្គមឧ្យមានភាពរឹងមាំ ភាពធន់ និងប្រសិទ្ធភាពដូចសព្វថ្ងៃ រាជរដ្ឋាភិបាលបានវិនិយោគលើការកសាងមូលដ្ឋានគ្រឹះរឹងមាំសម្រាប់អភិវឌ្ឍន៍ប្រព័ន្ធគាំពារសង្គម ដោយផ្តោតលើធាតុសំខាន់ៗចំនួន ៣ រួមមាន៖ទី១ ក្របខណ្ឌគតិយុត្ត និងឯកសារគោលនយោបាយ, ទី២ ប្រព័ន្ធគាំពារសង្គមឌីជីថល និងយន្តការតាមដានវាយតម្លៃ និងទី៣ ក្របខណ្ឌស្ថាប័ន ក្នុងនោះរាជរដ្ឋាភិបាលបានរៀបចំនិងដាក់ចេញលិខិតបទដ្ឋានគតិយុត្តិ ឯកសារក្របខណ្ឌ ផែនទីបង្ហាញផ្លូវ យុទ្ធសាស្រ្តនិងគោលការណ៍ណែនាំសំខាន់ៗសម្រាប់ធ្វើស្ថាប័ននូបនីយកម្មដាក់ឧ្យអនុវត្ត ក៏ដូចជំរុញការអនុវត្តកម្មវិធីជាតិជំនួយសង្គម របបសន្តិសុខសង្គម និងអន្តរាគមន៍គាំពារសង្គមជាបន្តបន្ទាប់។

សូមជម្រាបថា ប្រព័ន្ធគំាពារសង្គមជាប្រធានបទមួយ ក្នុងចំណោមប្រធានបទចំនួនបី ដែលសមាជរដ្ឋសភានិងព្រឹទ្ធសភា លើកយកមកពិភាក្សា។ ប្រធានបទទំាងបី នៃកិច្ចប្រជុំសមាជរដ្ឋសភានិងព្រឹទ្ធសភាមាន ប្រធានបទស្តីពី ប្រព័ន្ធគំពារសង្គម ប្រធានបទស្តីពី សេដ្ឋកិច្ចក្រៅប្រព័ន្ធ និងប្រធានបទស្តីពី វិស័យកសិកម្ម។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គម បានក្របដណ្តប់លើពលរដ្ឋសរុបប្រមាណ ១,២លានគ្រួសារ មានប្រមាណ ៤,៨៤លាននាក់ ស្មើនឹង ២៨% នៃចំនួនពលរដ្ឋសរុប។ ក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិ បាលបានវិភាជថវិកាប្រមាណ ២៥៧លានដុល្លារអាមេរិក សម្រាប់អនុវត្តកម្មវិធីចំនួន៩។ គិតត្រឹមខែមេសា ឆ្នាំ២០២៥ របបសន្តិសុខសង្គម បានក្របដណ្តប់លើពលរដ្ឋប្រមាណ ៣,១លាននាក់ ទាំងក្នុងវិស័យសាធារណៈ និងវិស័យឯកជន ហើយក្នុងឆ្នាំ២០២៥នេះ រាជរដ្ឋាភិបាលបានវិភាជថវិកាប្រមាណ ៤២៥លានដុល្លារអាមេរិក បន្ថែមលើថវិកាវិភាគទានដែលប្រមូលបានពីសមាជិក ប.ស.ស សម្រាប់អនុវត្តរបបសន្តិសុខសង្គមចំនួន ៣សំខាន់ៗ។ ចំណែកអន្តរាគមន៍ឆ្លើយបតទៅគ្រោះអាសន្ន៖ ក្នុងខណៈដែលប្រទេសជាតិជួបគ្រោះអាសន្នដែលរួមមានការរីករាលដាលជំងឺកូវីដ ១៩ សម្ពាធអតិផរណា និងគ្រោះទឹកជំនន់ធ្ងន់ធ្ងរ រាជរដ្ឋាភិបាលបានគិតគូរនិងផ្តល់ការគាំពារដល់ពលរដ្ឋដើម្បីរក្សាលំនឹងជីវភាព កាត់បន្ថយផលវិបាកអវិជ្ជមាន ដោយសារជីវភាពរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តាមរយៈការអន្តរាគមន៍ជំនួយសង្គមពិសេសដល់គ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលបានចំណាយថវិកាជាតិសរុបប្រមាណ ១ ៤២២ លានដុល្លារអាមេរិក៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ads banner