ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា៖គាំទ្រគោលជំហរដ៏ម៉ឺងម៉ាត់​ឈ្លាស​វៃ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​កម្ពុជា ក្នុងដំណោះ​ស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយក​រដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ បានគូសបញ្ជាក់​គាំទ្រ​នូវគោល​ជំហរ​ដ៏ម៉ឺងម៉ាត់ឈ្លាសវៃ របស់សម្ដេចមហា​បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងដំណោះស្រាយបញ្ហា​ព្រំដែន កម្ពុជា-ថៃ។

លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការនាល្ងាចថ្ងៃទី២ ខែមិថុនា ឆ្នាំ​២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បានបញ្ជាក់ថា “ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាល​ជាតិ និងមន្ត្រីពន្ធនាគារ ខ្ញុំសូមគាំទ្រយ៉ាងពេញទំហឹង​លើ​យន្តការ​ដោះស្រាយបញ្ហាព្រំដែនរបស់ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណា​ចក្រ​កម្ពុជា ក្នុងការលើកយកបញ្ហា ប្រាសាទតាមាន់ធំ ប្រាសាទ​តាមាន់តូច ប្រាសាទតាក្របី និងតំបន់មុំបី ទៅតុលាការយុត្តិធម៌​អន្តរជាតិ (ICJ)។ ការដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយ​សន្តិវិធី តាមយន្តការ​ការទូត និងច្បាប់អន្តរជាតិរបស់រាជរដ្ឋា​ភិបាល​កម្ពុជា គឺជាចំណាត់ការប្រកបដោយភាពចាស់ទុំក្នុងកិច្ចការពារ​ឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជាណាចក្រ​កម្ពុជា”។

ខ្ញុំសូមគាំទ្រយ៉ាងឥតងាករេនូវប្រសាសន៍របស់ សម្តេចមហាបវរធិបតី ដែលបាន​គូសបញ្ជាក់យ៉ាងច្បាស់ថា «បើទោះបី​កម្ពុជាប្តេជ្ញា ដោះ​ស្រាយ​បញ្ហាព្រំដែនតាមបច្ចេកទេស និងច្បាប់អន្តរជាតិក៏ដោយ ក៏កម្ពុជានៅតែបន្តរក្សា​សិទ្ធិក្នុងការ​ការពារបូរណភាពទឹកដីរបស់ខ្លួន​តាមគ្រប់មធ្យោបាយ រួមទាំងការប្រើប្រាស់កង​កម្លាំងប្រដាប់អាវុធ ក្នុងករណី​មានការ​ឈ្លានពានទឹកដីកម្ពុជា ដោយប្រើប្រាសកម្លាំង​កងទ័ព»។ ទន្ទឹមនេះ ខ្ញុំសូមសម្ដែងការគោរពចំពោះប្រសាសន៍​ដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រ​ចំណាត់ការ​របស់រាជរដ្ឋាភិបាល ជាពិសេស ក្នុងនាមអតីតនាយក​រដ្ឋមន្រ្តីដ៏អង់​អាចឈ្លាសវៃ បានផ្ដល់អនុសាសន៍ជូន​រាជរដ្ឋា​ភិបាល​ត្រៀមទាំង​យន្តការ​ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាតិ និងនៅតែបន្តនាំ​បញ្ហានេះទៅតុលាការយុត្តិធម៌​អន្តរជាតិ ទោះបីជាភាគីថៃ​ពុំយល់ព្រម​ក៏ដោយ។ នេះជាចំណាត់ការ និងអនុសាសន៍ប្រកបដោយភាពចាស់ទុំ និងមុតស្រួចបំផុតរបស់ថ្នាក់ដឹកនាំជាតិខ្មែរ ទាំងខាងនយោបាយ ការទូត និងយោធា ដែលធ្វើឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេស មានទំនុកចិត្តខ្ពស់ និងរស់នៅប្រកបដោយភាពកក់ក្ដៅបំផុត”។

ឯកឧត្តមបន្តថា ក្នុងនាមថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ មន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ ខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ រក្សាភាពស្ងៀមស្ងាត់ និងសូម​បន្តជឿទុកចិត្តលើ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការចាត់វិធានការនានា​ដើម្បី​ការពារបូរណភាពទឹកដីរបស់យើង៕
ដោយ៖ស៊ូ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner