រដូវផ្សិតប៉ក កំពុងតែផ្តល់ចំណូលដល់សហគម៍មូលដ្ឋាន នៅដែនជម្រកសត្វព្រៃលំផាត់
(ភ្នំពេញ)៖ ចាប់ពីតាំងពីដើមខែឧសភាមក ប្រជាពលរដ្ឋនៅភូមិជុំវិញដែនជម្រកសត្វព្រៃលំផាត់បានចេញប្រមូលអនុផលផ្សិតប៉កដើម្បីសម្រាប់ទុកលក់ក៏ដូចជាទុកបរិភោគក្នុងក្រុមគ្រួសារ ។
ក្រុមការងារអង្គការជីវិតធម្មជាតិនៅកម្ពុជា(NatureLife Cambodia) ដែលបានសំភាសន៍ជាមួយអ្នកទិញ ឈ្មួញបានបញ្ជាក់ថាក្នុងមួយថ្ងៃពួកគាត់អាចទិញបានជាមធ្យមប្រមាណជា២តោន និងមានឈ្មួញដូចគាត់ប្រមាណជា ៥នាក់កំពុងឈជើងទិញផ្សិតព្រៃនាតំបន់គម្រោងរេដបូកលំផាត់។ មានន័យថា ជាមធ្យមឈ្មួញទាំងអស់អាចទិញផ្សិតបានយ៉ាងតិច១០តោនក្នុងមួយថ្ងៃ ក្នុងតម្លៃចាប់ពី ១០០០០ទៅ៦០០០០រៀលក្នុង១គីឡូក្រាមដើម្បីយកទៅលក់បន្តនៅប្រទេសថៃ។
តាមការឱ្យដឹងពីឧទ្យានុរក្សក្នុងមួយរដូវកាលៗ គ្រួសារប្រជាសហគមន៍ខ្លះ អាចរកចំណូលពីផ្សិតប៉កនេះរហូតដល់២០០០ដុល្លាអាមេរិកទៀតផង។នេះចាត់ទុកថាជាចំណូលមួយខ្ពស់សម្រាប់ប្រជាសហគមន៍មូលដ្ឋាន។
អង្គការជីវិតធម្មជាតិនៅកម្ពុជាបានជំរុញ និង លើកទឹកចិត្តដល់ប្រជាសហគមន៍ក្នុងការប្រមូល អនុផលព្រៃឈើនេះឱ្យមាននិរន្តភាព និងសំណូមពរដល់អ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមការពារដែនជម្រកសត្វព្រៃលំផាត់ជាមួយ និងក្រសួងបរិស្ថានដើម្បីធានាថាព្រៃឈើទាំងនេះបន្តផ្តល់ផលដល់ប្រជាសហគមន៍។ ហើយ ”ការក្សាព្រៃឈើឈរដើម្បីទទួលបានកាបូននិងផលអនុផលដែរផ្តល់ប្រយោជន៍ដល់សហគមន៍និងជីវ:ចម្រុះ”៕
ដោយ ៖ ម៉ាដេប៉ូ





