អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា ប្រជុំចប់ថ្ងៃទី១ នៅម៉ោង ១២យប់ដោយ​អនុម័តគាំទ្រលើសេចក្តីសម្រេចចំនួនពីរ

(ភ្នំពេញ)៖ នៅវេលាម៉ោង ១២ និង ២០នាទីយប់ ឆ្លងចូលថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៥ អង្គសមាជ រដ្ឋសភា និងព្រឹទ្ធសភា បានបញ្ចប់កិច្ចពិភាក្សានៅថ្ងៃដំបូង ដោយអនុម័តគាំទ្រលើសេចក្តីសម្រេចចំនួនពីរ ខណៈសមាជនេះ បានចាប់ផ្ដើមប្រជុំតាំងពីម៉ោង ៨ព្រឹកថ្ងៃទី២ ខែមិថុនា ។

សមាជព្រឹទ្ធសភា និងរដ្ឋសភា នាល្ងាចថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ បានអនុម័តគាំទ្រទាំងស្រុង លើសេចក្តីសម្រេចស្តីពីប្រព័ន្ធគាំពារសង្គម របស់រាជរដ្ឋាភិបាល ក្រោមសំឡេង ១៨១លើ១៨១សំឡេង ។

ជាមួយនេះ សមាជព្រឹទ្ធសភា និងរដ្ឋសភា នៅយប់រំលងអធ្រាត្រចូលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ បានអនុម័តគាំទ្រទាំងស្រុងលើសេចក្តីសម្រេចស្តីពី សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ របស់រាជរដ្ឋាភិបាល ក្រោមសំឡេង ១៧៨ លើ១៧៨ សំឡេង ។

តាមគម្រោងនៅម៉ោង ៨ព្រឹកថ្ងៃទី៣ មិថុនា អង្គសមាជរដ្ឋសភា និងព្រឹទ្ធសភា នឹងបន្តប្រជុំពិនិត្យលើវិស័យកសិកម្ម ដែលជាប្រធានបទចុងក្រោយនៃសមាជ​លើកដំបូងនេះ ។ បន្ទាប់ពីបញ្ចប់សមាជ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ​ធ្វើសន្និសីទសារព័ត៌មានផងដែរ ។

មានប្រសាសន៍លេងសើចបន្លំមែនផងនោះ សម្តេចតេជោ បានគូសបញ្ជាក់ថា ការប្រើពេលវេលាច្រើនម៉ោងក្នុងសមាជនេះ ក៏ជាការសាកល្បងកម្លាំងរបស់ថ្នាក់​ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ផងដែរ ។

សមាជរដ្ឋសភា និងព្រឹទ្ធសភា គឺជាវេទិកាមួយដ៏ល្អ ព្រោះជាការជួបជជែកដេញ​ដោលគ្នាក្នុងន័យកែលំអរវាងព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល លើកិច្ចការចាំ​បាច់ទាំងឡាយរបស់ជាតិ។ ជាពិសេសជាវេទិកាមួយ ដែលសមាជិកព្រឹទ្ធសភា រដ្ឋសភា បានលើកបញ្ហា និងសំណូមពរ ទាំងឡាយទៅកាន់នាយករដ្ឋមន្ត្រី និងសមាជិករាជរដ្ឋាភិបាល ។

សមាជនៃរដ្ឋសភា និងព្រឹទ្ធសភាលើកដំបូង បានប្រព្រឹត្តទៅចាប់តាំងពីម៉ោង៨ព្រឹក ធ្វើឡើងក្រោមអធិបតិភាព សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដោយមាន​ការអញ្ជើញចូលរួមពីសំណាក់ សម្តេច មហារដ្ឋ សភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សមាជិករដ្ឋសភា ព្រឹទ្ធសភា សមាជិកគណៈរដ្ឋមន្ត្រី និងសមាជិកឧត្តមក្រុមប្រឹក្សា​ពិគ្រោះ និងផ្ដល់យោបល់ ៕

អត្ថបទ ៖ វណ្ណលុក
រូបភាព ៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner