សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ឆ្មក់បង្ក្រាបទីតាំងផ្ទះសំណាក់ «ហ្សាណានីតា១» ឃាត់ខ្លួនជនសង្ស័យ៥នាក់ ករណីជួញដូរគ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យ៥នាក់ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ ស្រាវជ្រាវចុះបង្ក្រាបបាន កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅក្នុងផ្ទះសំណាក់ ហ្សាណានីតា១ តាមផ្លូវបេតុង ក្រុម៣ ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមសមត្ថកិច្ចបានឲ្យដឹងថា កម្លាំងជំនាញព្រហ្មទណ្ឌ អាជ្ញាធរ សមត្ថកិច្ចមូលដ្ឋាន ដឹកនាំដោយលោកវរសេនីត្រី មន វុធី អធិការរងខណ្ឌពោធិ៍សែនជ័យ ទទួលបន្ទុកផ្នែកគ្រឿងញៀន ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការខណ្ឌ បានស្រាវជ្រាវឈានទៅដល់ចុះបង្ក្រាប និងឃាត់ខ្លួនបានជនសង្ស័យជួញដូរគ្រឿងញៀន៤នាក់ (ស្រី២នាក់) និងជនសង្ស័យម្នាក់ទៀត ជាប់ពាក់ព័ន្ធនឹងប្រើប្រាស់គ្រឿងញៀន សរុបចំនួន៥នាក់។ ជនសង្ស័យជួញដូរថ្នាំញៀនទី១)ឈ្មោះ រឹម បូរិទ្ធ ភេទប្រុស អាយុ២២ ទី២)ឈ្មោះ យ៉េ វាយុ ភេទប្រុស អាយុ២២ឆ្នាំ (អ្នកទាំង២ មានមុខរបរកម្មករសំណង់ ស្នាក់នៅភូមិព្រៃសាលា សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ) ទី៣)ឈ្មោះ រីម ស្រីនិច ភេទស្រី អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៀកលៀប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ និងទី៤) ឈ្មោះ ចាន់ ដាវីន ភេទស្រី អាយុ៣០ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែក ជនសង្ស័យម្នាក់ផ្សេងទៀត ជួលបន្ទប់ក្បែរនោះ សមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន មានឈ្មោះ សេង រតនា ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចដកហូតបានថ្នាំញៀនចំនួន១០កញ្ចប់ ក្នុងនោះ ២កញ្ចប់តូច ឧបករណ៍ សម្រាប់ជក់គ្រឿងញៀន និងសម្ភារមួយចំនួនទៀត។
ក្រោយពីបង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនខាងលើ ជនសង្ស័យទាំង៥នាក់ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅផ្នែកជំនាញអធិការដ្ឋានខណ្ឌ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។ រីឯផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ច អាជ្ញាធរ សម្រេចបិទផ្អាកអាជីវកម្មជាបណ្តោះអាសន្ន រង់ចាំសម្រេចជាក្រោយ៕ម.ន